(ភ្នំពេញ)៖ គ្រោះមហន្តរាយកើតពីធម្មជាតិដូចជាខ្យល់ព្យុះ និងទឹកជំនន់ជាដើមបានបង្កជាហានិភ័យ និងផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋកម្ពុជាជារៀងរាល់ឆ្នាំ។ ដើម្បីបញ្ចៀស និងកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ទាំងឡាយបង្កឡើងដោយគ្រោះមហន្តរាយទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការស្បៀងអាហារពិភពលោក WFP បានសហការគ្នាបង្កើតនូវប្រព័ន្ធផ្តល់ព័ត៌មានពីគ្រោះមហន្តរាយមួយមានឈ្មោះថា «ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងតាមដានសភាពការណ៍ ហៅកាត់ថាព្រីស៊ឹម (PRISM)»

«ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងតាមដានសភាពការណ៍ ហៅកាត់ថាព្រីស៊ឹម» ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី ហ្រែ្វន សែស្កា អ៊ែរដឺលម៉ាន នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា។ ការប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធ PRISM ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជធានី-ខេត្តទាំង២៥ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។​​

PRISM ជាវេទិកាដែលបង្ហាញអំពីព័ត៌មានប៉ះពាល់ជាក់ស្តែង និងជាវេទិការបង្ហាញពីព្រឹត្តិការណ៍កន្លងទៅដែលអាចឱ្យអ្នកប្រើប្រាស់វិភាគ និងវាយតម្លៃពីហានិភ័យ និងផលប៉ះពាល់នៃគ្រោះធម្មជាតិ និងឧប្បទ្ទវហេតុផ្សេងៗទៅលើសហគមន៍ដែលងាយរងគ្រោះ។ PRISM គឺជាការរួមបញ្ចូលព័ត៌មានពីផ្កាយរណប និងប្រភពព័ត៌មានពីចម្ងាយ ព័ត៌មានប៉ាន់ប្រមាណពីទីវាល និងប្រព័ន្ធផ្តល់ដំណឹងជាមុន ជាមួយទិន្នន័យអំពីភាពងាយរងគ្រោះខាងសេដ្ឋកិច្ចសង្គម ដើម្បីបង្កើតបានជាព័ត៌មានដែលអាចផ្តល់ជាជំនួយសម្រាប់កំណត់ចំនួនអ្នកដែលត្រូវការជំនួយពិតប្រាកដ។

PRISM ជាប្រព័ន្ធប្រមូលព័ត៌មានស្តីពីគ្រោះមហន្តរាយនានាតាមរយៈទូរស័ព្ឌ/ថេបប្លែត។ ប្រព័ន្ធនេះ ជាវេទិកាផ្តល់ព័ត៌មានទាន់ពេលវេលា ដើម្បីជាជំនួយដល់ការតាមដាន ត្រួតពិនិត្យ វាយតម្លៃ ធ្វើបច្ចុប្បន្នភាពព័ត៌មានទាន់ហេតុការណ៍ងាយស្រួលសម្រាប់អ្នកប្រើប្រាស់ និងជាពិសេសសម្រាប់អ្នកធ្វើសេចក្តីសម្រេចចិត្ត។ លើសពីនេះ វេទិកានេះជាកន្លែងរួមបញ្ចូលលំហូរព័ត៌មានរបស់រាជរដ្ឋាភិបាលពីក្រសួងពាក់ព័ន្ធនានាឲ្យមានទំនាក់ទំនងគ្នាទៅវិញទៅមក។

ប្រព័ន្ធនេះអាចប្រើប្រាស់ និងប្រមូលទិន្នន័យទៅលើគ្រប់ប្រភេទនៃគ្រោះមហន្តរាយដូចជា៖ ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ ព្យុះ រន្ទះបាញ់ អគ្គិភ័យ ជំងឺរាតត្បាត សត្វល្អិតបំផ្លាញ បាក់ច្រាំង និងគ្រោះថ្នាក់ចរាចរណ៍។ ទិន្នន័យនៅក្នុងប្រព័ន្ធ PRISM រួមមាន៖ ទិន្នន័យអំពីផលប៉ះពាល់ និងការខូចខាតដោយសារគ្រោះមហន្តរាយ ស្តីពីផលប៉ះពាល់ទៅលើមនុស្ស សត្វ ផ្ទះសម្បែង ដំណាំកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ/មណ្ឌលសុខភាព វត្តអារ៉ាម និងតម្រូវការរបស់ប្រជាជនរងគ្រោះ។ ទិន្នន័យទាំងនេះនឹងត្រូធ្វើការប្រមូលពីកម្រិតឃុំ និងបញ្ជូនព័ត៌មានមកដោយមន្ត្រីថ្នាក់ស្រុក។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងឱ្យដឹងថា ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍និងតាមដានសភាពការណ៍ PRISM ត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក ស្តីពីការអនុវត្តសកម្មភាពរួមគ្នា ដើម្បីគ្រប់គ្រងវិបត្តិ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខានៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលគ្របដណ្តប់នៅលើអនុស្សាណៈយោគយល់ឆ្នាំ២០១៧។

លោកទេសរដ្ឋមន្ត្រី បន្តថា កិច្ចព្រមព្រៀងនេះបង្កើតក្របខ័ណ្ឌការងារកិច្ចសហប្រតិបត្តិការក្នុងការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងហានិភ័យគ្រោះមហន្តរាយកើតឡើង ដោយអភិវឌ្ឍន៍សមត្ថភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

បើតាមលោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា បន្ទាប់ពីការប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ PRISM នេះទៅ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងធ្វើការបណ្តុះបណ្តាលជូនមន្ត្រីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលមានថ្នាក់ខេត្ត និងថ្នាក់ស្រុក ដើម្បីបានទទួលនូវបទពិសោធន៍ពីការអនុវត្តផ្ទាល់ក្នុងការប្រើប្រាស់ឧបករណ៍ថេបប្លែត ក្នុងការបញ្ចូលទិន្នន័យការប៉ះពាល់ ការខូចខាត ការបាត់បង់ដោយគ្រោះមហន្តរាយ។

ជាមួយនេះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏នឹងរៀបចំគោលការណ៍ណែនាំនីតិវិធីសម្រាប់ធ្វើផែនការត្រៀមបម្រុងឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយ ដែលទាមទារឱ្យមានការចូលរួមផ្តល់នូវធាតុចូលពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ។

លោកស្រី ហ្រែ្វន សែស្កា អ៊ែរដឺលម៉ាន នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា បង្ហាញក្តីរីករាយជាខ្លាំង ដែលអង្គការស្បៀងអាហារពិភពលោក បានចូលរួមជាមួយរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរា ដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធផ្តល់ព័ត៌មាន ផ្តល់ដំណឹងទាន់ហេតុការណ៍ឆ្លើយតបទៅនឹងគ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជា។

លោកស្រីនាយិកាបានថ្លែងថា ការទទួលបានព័ត៌មានបានលឿនរហ័ស និងទាន់ហេតុការណ៍វាចាំបាច់ណាស់ សម្រាប់ផ្តល់នូវការជួយសង្គ្រោះក្នុងគ្រោះមហន្តរាយនានាឱ្យបានទាន់ពេលវេលា។

លោកស្រីរំពឹងថា ការដាក់ឱ្យដំណើរការប្រព័ន្ធនេះ នឹងចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ ហើយក៏ជាវិភាគទានចូលរួមដល់ការសម្រេចនូវគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍឆ្នាំ២០៣០របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕