(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការ នៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា រាជបណ្ឌិត្យសភាកម្ពុជា បើកបេះដូងទូលាយ ចំពោះអ្នកមានសមត្ថភាពមកពីគ្រប់ទិសទី ដើម្បីចូលរួមជាមួយគ្នាស្រាវជ្រាវរកអ្វីដែលថ្មីៗ ដើម្បីចូលរួមជួយអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចំរើន។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងដូចនេះ ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិតសភាសភាចារ្យ សុខ ទូច បានគូសបញ្ជាក់បន្ថែមថា អ្នកប្រាជ្ញរបស់កម្ពុជាត្រូវតែរួមគ្នាគិត និងស្រាវជ្រាវ ដើម្បីស្វែងរកធាតុចូលជូនដល់រាជរដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ ក្នុងការកំណត់ចក្ខុវិស័យ និងរៀបចំផែនទីសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយនិរន្តរភាព។

លោក សុខ ទូច បានបន្តថា ការចុះអនុស្សរណៈនាថ្ងៃនេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងបី ក្នុងការចងក្រងឯកសារ លើគ្រប់វិស័យ ពិសេសបានឆ្លុះបញ្ចាំង អំពីទស្សនៈ «ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយក្រមសីលធម៌»។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះដែរ បានធ្វើការទៅលើ៤ចំណុចដែលមានដូចជា ការធ្វើការសិក្សាស្រាវជ្រាវរួមគ្នា, ធ្វើការទៅលើការងារបរិស្ថានរួមគ្នា, ការបណ្តុះបណ្តាលរួមគ្នា, ការពុម្ភរួមគ្នា។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបន្លែមថា រាជបណ្ឌិត្យសភាកម្ពុជា គឺមានកិច្ចសហប្រតិបត្តិការច្រើនជាមួយនឹងស្ថាប័ន នៅក្រៅប្រទេស ដែលមានដូចជា ស្ថាប័នក្នុងប្រទេសជប៉ុន កូរ៉េ ថៃ សិង្ហបុរី និងស្ថាប័នផ្សេងទៀត ដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ។

លោកបានឱ្យដឹងទៀតថា ដោយឡែកសម្រាប់ស្ថាប័នៅក្នុងប្រទេស ការចុះកិច្ចសហប្រតិបត្តិការនេះ ជាលើកដំបូងហើយ ជាមួយគ្រឹះស្ថានឧត្តមសិក្សាទាំងពីរនេះ ដើម្បីលើកកម្ពស់ការស្រាវជ្រាវរួមជាមួយសាស្ត្រាចារ្យ និស្សិត និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ សង្គម និងបរិស្ថាន ផ្តល់បទបង្ហាញ រួមទាំងការបោះពុម្ពផ្សាយព្រឹត្តិបត្រ ស្រាវជ្រាវលើប្រធានបទផ្សេងៗ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិទាំងមូល។

គួរបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា មានបេសកកម្មចម្បង ក្នុងការសិក្សាស្រាវជ្រាវទាំងវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រពិត ដើម្បីរកធាតុចូលជូនរាជរដ្ឋាភិបាល និងដើរតួក្នុងការបណ្ដុះបណ្ដាល និងស្រាវជ្រាវពីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់ ថ្នាក់បណ្ឌិត៕