(កំពង់ធំ)៖ ដោយមានកិច្ចសហការ រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថាន ក្រោមការណែនាំរបស់រដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ កូនឈើប្រណិត និងកូនឈើផ្សេងៗទៀត ប្រមាណ២៥,៧០០ដើម បានយកទៅដាំឡើងវិញ នៅតំបន់សហគមន៍ព្រៃឈើស្រែក្រសាំង ស្ថិតនៅក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមវត្តមានលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការអញ្ជើញពីមន្ត្រីរាជការ កងកម្លាំង សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើន។

លោក សុខ លូ បានលើកឡើងថា ប្រពៃណីដាំកូនឈើជាស្នាព្រះហស្ត ដែលបានបន្សល់ទុកដោយសម្តេចព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ដែលឲ្យឈ្មោះថា រុក្ខទិវា ហើយពិធីនេះ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំណត់យ៉ាងជាក់លាក់ ដើម្បីប្រារព្ធពិធីដាំកូនឈើនេះ ជារៀងរាល់ឆ្នាំទូទាំងប្រទេស។

ដោយឡែក គោលបំណងសំខាន់ នៃការដាំដុះនេះ គឺដើម្បីស្តារព្រៃឈើ ដែលបានបាត់បង់ឡើងវិញ សម្រាប់ជាប្រភពទឹកសាប ប្រើប្រាស់ព្រោះព្រៃឈើមានសារៈសំខាន់ និងផលប្រយោជន៍ខ្លាំងណាស់ ចំពោះមនុស្ស សត្វ បរិស្ថាន។

លោកបានលើកឡើងថា ព្រៃឈើមិនត្រឹមតែជួយដល់មនុស្សសត្វ និងបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែព្រៃឈើជារបាំងខ្យល់ ទប់ស្កាត់ការសឹករេចរឹល ព្រៃឈើការពារនូវការហូរច្រោះទប់ស្កាត់ ការបាក់ស្រុតផ្សេងៗ ការពារគ្រោះធម្មជាតិ ខ្យល់ព្យុះ គ្រោះរាំងស្ងួតជាដើម និងផ្តល់នូវសោភ័ណភាព ទាក់ទាញនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាកាន់តែច្រើនៗឡើង ដែលជាប្រភពចំណូលដ៏សំខាន់ ដល់ប្រជាសហគមន៍ និងជាតិទាំងមូល។

លោកថា ការដាំកូនឈើពិត ជាមានអត្ថន័យដ៏ជ្រាលជ្រៅ សម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋ ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមក្នុងការដាំដុះ និងការពារ ព្រៃឈើ ក៏ដូចជាការជួយផ្ដល់ផលប្រយោជន៍ ឲ្យប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម បង្កើនសុខុមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។

លោកបន្តទៀតថា ការដាំកូនឈើ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការខិតខំប្រឹងប្រែង យ៉ាងសកម្មរបស់យើងទាំងអស់គ្នា ក្នុងការស្តារគម្របព្រៃឈើឡើងវិញ ឲ្យមានពណ៌បៃតង និងដើម្បីរក្សាបាននូវការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈម និងជាកង្វល់រួមដ៏ធំមួយ របស់ពិភពលោក ដោយសារតែបណ្ដាប្រទេស ជឿនលឿនជាច្រើន បានបញ្ចេញឧស្ម័នពុល ឧស្ម័ន ផ្ទះកញ្ចក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះកម្ពុជា និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត បាននិងកំពុងរងគ្រោះយ៉ាងខ្លាំង និងបានធ្វើឲ្យកំដៅនៅលើផែនដីកើនឡើង។

ម្យ៉ាងទៀត ការដាំដើមឈើ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។

ក្នុងឱកាសនោះ លោកក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ត្រូវចូលរួមថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លួនផង សហគមន៍ផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ ជាពិសេសកាត់បន្ថយនូវគ្រោះធម្មជាតិដូចជា ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួតជាដើម។

តាមរបាយការណ៍របស់លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរសហគមន៍ព្រៃឈើកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានឲ្យដឹងថា សហគមន៍ព្រៃឈើ ក្នុងខេត្តមាន៨៣សហគមន៍ ហើយកូនឈើទាំងអស់នេះ យកទៅដាំក្នុងផ្ទៃដី៤០ហិកតា លើផ្ទៃដីទាំងមូល១២,៦១៥ហិកតា៕