(ភ្នំពេញ)៖ ក្រសួងការពារជាតិ កំពុងត្រៀមរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា នៅតាមទីតាំងមួយចំនួនទៀត។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធានេះ គឺដើម្បីការពារ និងរក្សាឱ្យបាននូវតឹកតាងប្រវត្តិសាស្ត្រទាំងឡាយឱ្យបានឋិតថេរ សម្រាប់ទុកឱ្យមនុស្សជំនាន់ក្រោយបានដឹងឮ។

ការលើកឡើងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំស្តីពី «ការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា» នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ យ៉ាងច្រើនផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សិក្ខាសិលានេះ គឺជាការរៀបចំឡើងឱ្យមានខ្សែសង្វាក់ រៀបចំឱ្យទៅជារឿងមួយដែលពាក់ព័ន្ធសំខាន់បំផុត គឺវិស័យការពារជាតិផង ការពារបូរណភាពដែនដីផង លើសពីនេះគឺការពារតឹកតាងទាំងឡាយដែលប្រវត្តិសាស្ត្របានបន្សល់ទុក គឺឱ្យបានឋិតថេរ»

បន្ថែមពីនេះរដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា សិក្ខាសិលានេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាស្វែងរកទីតាំងភូមិសាស្ត្រ ដែលមានប្រតិបត្តិការទាក់ទងនឹងសមរភូមិនៅគ្រប់ដំណាក់កាល ដែលអាចកំណត់បានថាជាទីតាំងប្រវត្តិសាស្ត្រយោធា ជាពិសេសឯកសារ រូបថត និងសម្ភារនានា ដើម្បីចងក្រងរក្សាទុកជាតឹកតាំងប្រវត្តិសាស្ត្រ សម្រាប់យោធិនជំនាន់ក្រោយសិក្សារៀនសូត្រ។

សម្តេចបន្តថា ដូច្នេះដើម្បីគិតគូរលើរឿងនេះ ក្រសួងការពារជាតិ បានធ្វើសិក្ខាសាលាស្តីពី «ការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា» នេះឡើងដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋទាំងអស់បានជ្រួតជ្រាបថា តឹកតាងទាំងអស់នេះ គឺមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ប្រវត្តិសាស្ត្រ។ កត្តាទាំងនេះ ហើយតឹកតាងប្រវត្តិសាស្ត្រយោធា គឺអាចឈានមុខគេ ដើម្បីទុកជាឯកសារជាដើម។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា ទាក់ទិនជាមួយការងាររៀបចំតំបន់ប្រវត្តិសាស្ត្រយោធានេះ គឺក្រុមការងារត្រូវស្រាវជ្រាវពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រធំៗជាច្រើន ដែលមានកើតឡើង ដោយកំណត់ទីតាំងដែលបានបន្សល់ទុក ស្វែងរកសាក្សីមកបញ្ជាក់ប្រវត្តិ និងព័ត៌មានទាក់ទងទៅនឹងទីតាំងនីមួយៗ។

ការកំណត់ទីតាំងតំបន់ប្រវត្តិសាស្ត្រយោធា គឺកំណត់លើទីតាំងភូមិសាស្ត្រដែលធ្លាប់មានប្រវត្តិ ទាក់ទងនឹងសមរភូមិនៅគ្រប់ដំណាក់កាល៕