(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញនូវការគាំទ្រចំពោះគោលនយោបាយ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលយកចិត្តទុកដាក់ជាអាទិភាព លើវិស័យស្រូវអង្ករ និងបានកសាងនូវមូលដ្ឋានយ៉ាងរឹងមាំ ពីប្រទេសដែលខ្វះខាតស្បៀង ទៅជាប្រទេសដែលមានអតិរេកផ្នែកស្បៀងអាហារ ជាពិសេសអង្ករសម្រាប់ការនាំចេញ ។

កាលពីឆ្នាំ២០០៩ ប្រទេសកម្ពុជាបានចាប់ផ្តើមនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ បានត្រឹមតែ១២,៦១៣តោន ហើយក្នុងឆ្នាំ២០១៩ បានឈានឡើង ដល់៦២០,១០៦តោន ហើយអាចឈានដល់យ៉ាងតិច៨០០,០០០តោន ក្នុងឆ្នាំ២០២០នេះ។ កំណើននេះនឹងជំរុញឱ្យ ការនាំចេញរបស់កម្ពុជា ឈានទៅដល់១លានតោន ក្នុងឆ្នាំ២០២១ប្រកបដោយចីរភាពនៃ កំណើនយ៉ាងតិច ៥%ក្នុងមួយឆ្នាំ។

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងស្របតាមការចង្អុលបង្ហាញ ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ លើការជំរុញការនាំចេញអង្ក ដោយជំរុញឱ្យមានការបង្រួបបង្រួម វិស័យឯកជនឡើងវិញ រហូតដល់បង្កើតបានជាសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឱ្យវិស័យស្រូវអង្ករនៅកម្ពុជា និងស្ថិតក្រោមអភិបាលបច្ចេកទេស របស់ក្រសួងពាណិជ្ជកម្ម។
សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានកំណត់ជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមរាល់សម្មភាព របស់សហគមន៍ស្រូវអង្ករ នៅបណ្តាប្រទេសអាស៊ាន ធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយជំរុញការនាំចេញអង្ករ ចូលរួមជាមួយក្រសួងពាណិជ្ជកម្ម ក្នុងចរចារបើកច្រកទីផ្សារអន្តរជាតិ ចូលរួមកែលម្អផលិតកម្មស្រូវអង្ករ ជំរុញការងារផលិតកម្មពូជស្រូវ និងជីសម្រាប់ចែកចាយជូនប្រជាកសិករជាដើម។

ចក្ខុវិស័យវែងឆ្ងាយ និងយល់ច្បាស់ពីកម្ពុជាលើវិស័យស្រូវអង្ករ របស់ប្រមុខរាជរដ្ឋាភិបាល បានកំណត់អាទិភាព និងបន្តជំរុញកំណើនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ និងរូបវ័ន្តនានា ជាពិសេសប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់ និងអគ្គិសនីជាដើម ដែលបានធ្វើឱ្យខ្សែសង្វាក់ផលិតកម្មស្រូវអង្កររបស់កម្ពុជា មានការកើនឡើងយ៉ាងឆាប់រហ័ស។ 

ដោយមានទំនុកចិត្ត និងភាពជឿជាក់លើភាពជាអ្នកដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម ការគ្រប់គ្រងលើនយោបាយ សន្តិសុខ និងសន្តិភាពលើការវិនិយោគទុន ដែលបានជំរុញឱ្យមានការកែលម្អលើរោងម៉ាស៊ីនកិនស្រូវ ឡសម្ងួត និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីឆ្លើយតបទៅនឹងបទដ្ឋានស្តង់ដារនាំចេញ។

ជាក់ស្តែងរោងម៉ាស៊ីនកិនស្រូវ ដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាចំនួនជិត៨០ ដែលបានបំពាក់គ្រឿងបច្ចេកវិទ្យាទំនើបៗដូចជា៖ ម៉ាស៊ីនរើសពណ៌, ម៉ាស៊ីនប៉ូលា និងម៉ាស៊ីនវេចខ្ចប់ បង្កើនបានបទដ្ឋានស្តង់ដា និងគុណភាពដូចជា GMP, HACCP, ISO ជាដើម ហើយមានសមត្ថភាពកិន-កែច្នៃបានជាង២០,០០០តោន ក្នុងមួយថ្ងៃផងដែរ។

ក្នុងចំណោមរោងម៉ាស៊ីនកិនស្រូវទាំងនោះ មានរោងម៉ាស៊ីនកិនស្រូវ៤៤ ត្រូវបានវាយតម្លៃថា ជារោងម៉ាស៊ីនកិនស្រូវដែលមានស្តង់ដារខ្ពស់ សម្រាប់ការវេចខ្ចប់ និងនាំចេញទៅប្រទេសចិន ។

បច្ចុប្បន្នសមត្ថភាពសម្ងួតស្រូវ របស់រោងម៉ាស៊ីនកិនស្រូវ មានការកើនឡើងជាបន្តបន្ទាប់ ដោយមានការផ្លាស់ប្តូរទម្លាប់សម្ងួតស្រូវ ដោយពឹងផ្អែកពន្លឺព្រះអាទិត្យទៅជាឡសម្ងួតអគ្គិសនី ឬដុតអង្កាមវិញ និងមានការកើនឡើងដល់៤០,០០០តោន ក្នុងមួយថ្ងៃ ឬ១.២លានតោនស្រូវក្នុងមួយខែ និងមានសមត្ថភាពស្តុកស្រូវ ក្នុងមួយវគ្គបានជាង ១.៦លានតោនផងដែរ។

ចាប់ពីឆ្នាំ២០១៥ ក្រោយការដាក់ចេញ គោលនយោបាយស្រូវអង្ករដំណាក់កាលទីមួយ (២០១០-២០១៥) វិនិយោគគិនដែលជាក្រុមហ៊ុននាំចេញ និងរោងម៉ាស៊ីនកិនស្រូវរបស់កម្ពុជា បានទទួលក្តីរីករាយពីគោលនយោបាយនេះ ក្នុងការផ្តល់ដោយរាជរដ្ឋាភិបាលដូចជា៖

* រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនអ្នកនាំចេញ ត្រូវបានលើកលែងពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ។
* ពន្ធអាករបន្ថែមលើអនុផលពីអង្ករ ដែលបានលក់ក្នុងស្រុកត្រូវបានលើកលែង។
* ពន្ធ និងអាករផ្សេងៗដែលទាក់ទង ទៅនឹងពន្ធកាត់ទុកត្រូវបានព្យួរ និងលើកលែង។
* ការលើកលែងកម្រៃសេវាទាំងឡាយ លើការនាំចេញពីក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
* ការលើកលែង ការបង់សេវា លើការវាយតម្លៃផលប៉ះពាល់បរិស្ថាន របស់ក្រសួងបរិស្ថាន។
* ការប្រឹងប្រែងជំរុញការបន្សុទ្ធពូជ និងបង្កើតពូជថ្មី ដែលឆ្លើយតបទៅនឹងទីផ្សារ និងការធន់នឹងបម្រែបម្រួលបរិយាកាស និងអាកាសធាតុ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
* ការទទួលបាននូវការអនុគ្រោះថ្លៃពិសេស សម្រាប់ការនាំចេញអង្ករលើសេវាប្រើប្រាស់ នៅកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែក្រុងភ្នំពេញ។
* ការទទួលបានអត្រាពិសេស លើកម្ចីសម្រាប់ទិញស្រូវ ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជំរុញឱ្យធនាគារឯកជនផ្សេងទៀត ទម្លាក់ការប្រាក់ពីជាង១២% មកដល់ក្រោម ៨%ក្នុងមួយឆ្នាំ។

ឈរលើមូលដ្ឋានផ្ដល់ឱ្យវិស័យឯកជន ពីរាជរដ្ឋាភិបាលដែលជាទុនវិនិយោគ សម្រាប់ពង្រឹង និងពង្រីកមូលដ្ឋានផលិតកម្ម របស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញ និងឈរលើមូលដ្ឋាននៃភាពបន្ស៊ាំ នៃការប្រែប្រួលទីផ្សារក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ កម្ពុជាបានទទួលនូវភាពជោគជ័យ ប្រកបដោយចីរភាពរឹងមាំ ក្នុងវិស័យស្រូវអង្ករ សម្រាប់ការនាំចេញទៅកាន់ទីផ្សារ អន្តរជាតិចាប់ពីឆ្នាំ២០២០នេះតទៅ ទោះបីជាស្ថានភាពជំងឺរាត្បាតកូវីដ១៩ នៅតែបន្តក៏ដោយ។

ការរីកចម្រើនទាំងនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងនានា និងវិស័យឯកជន ពិសេសថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា បានរួមរួមគ្នាចាប់តាំងពីអាណត្តិទីមួយ និងទីពីរ ដែលដឹកនាំដោយលោក សុខ ពុទ្ធិវុធ និងថ្នាក់ដឹកនាំអាណត្តិទី៣ បច្ចុប្បន្ននេះរួមមាន៖ លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល, លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយអនុប្រធាន សមាជិកសមាជិកាដែលជាអ្នកនាំចេញ រោងម៉ាស៊ីនកិនស្រូវ និងប្រជាកសិករកម្ពុជាទាំងអស់នៅទូទាំងប្រទេស។

សហព័ន្ធស្រូវអង្ករជឿជាក់ លើរាជរដ្ឋាភិបាលថាកម្ពុជា នឹងសម្រេចបានការនាំចេញអង្ករ១លានតោន ហើយមានកំណើនដោយចីរភាព និងភាពរីកចម្រើនរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នាពេលខាងមុខដ៏ខ្លី៕