(ព្រះសីហនុ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញប្រកាសដាក់ឲ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ ចាប់ពីថ្ងៃទី១ ខែកញ្ញាតទៅ។ នេះបើយោងតាមប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

យោងតាមប្រការ១ ក្នុងប្រកាសនេះ បានឲ្យដឹងថា សាលាឧទ្ធរណ៍ព្រះសីហនុ នឹងត្រូវដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ។

បើតាមប្រការ២ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០តទៅ សាលាឧទ្ធរណ៍ព្រះសីហនុ មានសមត្ថកិច្ចជំនុំជម្រះរឿងក្តី ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចដែនដី ដែលគ្របដណ្តប់លើខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកែប ខេត្តកំពត ដូចដែលមានកំណត់ក្នុងមាត្រា២ នៃព្រះរាជក្រឹត្យ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការដាក់ឲ្យដំណើរការសាលាឧទ្ធរណ៍តំបន់។

យោងតាមស្មារតីនៃព្រះរាជក្រឹត្យខាងលើនេះ ចំពោះសំណុំរឿរទាំងឡាយ ដែលស្ថិតនៅក្រោមសមត្ថកិច្ច ដែនដីរបស់សាលាឧទ្ធរណ៍ព្រះសីហនុ ប៉ុន្តែពេលដែលសាលាឧទ្ធរណ៍ភ្នំពេញ បានទទួលជាសមត្ថកិច្ច នៅមុនថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ត្រូវកំណត់ជាសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីចាត់ការបន្ត ដោយអនុលោមតាមច្បាប់ និងបទបញ្ញត្តិជាធរមាន។ បញ្ញត្តិនេះ ត្រូវយកមកអនុវត្តន៍ដូចគ្នាផងដែរ ចំពោះមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ។

សូមបញ្ជាក់ថា លោក សុខ កល្យាណ អតីតប្រធានសាលាដំបូងខេត្តព្រះសីហនុ ត្រូវបានព្រះមហាក្សត្រ ប្រកាសតែងតាំងជាប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ៕