(តាកែវ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ធ្វើផ្លូវលំ២ខ្សែ ដែលមួយខ្សែមានប្រវែង ៣,៥គីឡូម៉ែត្រ និងផ្លូវមួយខ្សែទៀតមានប្រវែង ៣គីឡូម៉ែត្រ ដើម្បីងាយស្រួលធ្វើដំណើរ និងប្រកាសផ្តល់ម៉ាស៊ីនព្រួសគ្រាប់ពូជស្រូវខ្នាតតូច១៣០គ្រឿង ដល់ប្រជាពលរដ្ឋ១៣០គ្រួសារ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ។

ការបង្គាប់ឱ្យសាងសង់ផ្លូវលំចំនួន២ខ្សែនេះ បានធ្វើឡើងតាមសំណូមពរជាច្រើនចំណុចរបស់ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកព្រៃកប្បាស ដូចជា ថ្លៃអគ្គិសនី រក្សាតម្លៃស្រូវ សំណូមពរសុំធ្វើផ្លូវ២ខែ្ស ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ពួកគាត់ឆ្លងកាត់ពីភូមិមួយ ទៅកាន់ភូមិទៀត ដែលចំណុចនេះពួកគាត់បានជួបប្រទះការលំបាក ក្នុងការធ្វើដំណើរ ក្នុងការដឹកជញ្ជូនកសិផល និងការរារាំងដល់ការធ្វើដំណើររបស់កូនសិស្សទៅសាលារៀន ជាពិសេសនៅក្នុងរដូវវស្សាជាដើម។

ក្នុងឱកាសដែលសម្តេចបានអញ្ជើញពិនិត្យការធ្វើស្រែ និងសំណេះសំណាលជាមួយកសិករ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានបង្គាប់យ៉ាងដូច្នេះថា៖ «មើលរដ្ឋមន្ត្រីអភិវឌ្ឍជនបទ អ៊ុក រ៉ាប៊ុន បង្ហាញមុខចុះមកធ្វើផ្លូវហ្នឹង ៣,៥គីឡូម៉ែត្រ ដើម្បីសម្រួលចរាចរណ៍មកកាន់តំបន់នេះ»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឱ្យបងប្អនប្រជាពលរដ្ឋឡើងពីផលលំបាកនានារបស់ពួកគាត់ ដើម្បីសិក្សាស្វែងយល់ និងរកវិធីសាស្ត្រដោះស្រាយ ភ្លាមៗដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាជាដើម ក្នុងនាមជាអ្នកកាច់ចង្កូតនាវាកម្ពុជា ឆ្ពោះទៅរកការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យជាដើម។ តាមរយៈជំនួបសំណេះសំណាលនេះដែរ សម្តេចក៏បានឯកភាពនូវសំណូមជាច្រើនដែលលើកឡើងដោយប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការធ្វើស្រែចម្ការរបស់បងប្អូនប្រជាកសិករជាពេលបច្ចប្បន្ននេះ ដែលភាគច្រើនប្រើប្រាស់គ្រឿងចក្រទំនើបៗ។ មុននឹងចាប់ផ្តើម សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំណេះសំណាលសួរនាំដល់ប្រជាកសិករមួយចំនួន ដើម្បីបានស្វែងយល់ការលំបាក និងភាពងាយស្រួលក្នុងរបរធ្វើស្រែចម្ការ។

តាមការសាកសួររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រជាកសិករបានឱ្យដឹងថា ការធ្វើស្រែនាពេលបច្ចុប្បន្ន ពិតជាមានភាពងាយស្រួលជាងពីមុន ដោយមានប្រព័ន្ធធារាសាស្ត្រ មានការប្រើប្រាស់គ្រឿងចក្រកសិកម្មទំនើបៗ លឿនរហ័សទាន់ចិត្ត។ ចំពោះផលលំបាកវិញមានដូចជាបញ្ហាតម្លៃស្រូវ, បញ្ហាផ្លូវសម្រាប់ដឹកជញ្ជូន, និងបញ្ហាសត្វល្អិតជាដើម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «អីឡូវអញ្ចេះបញ្ហាទាក់ទងនឹងផ្លូវហ្នឹង អ៊ុក រ៉ាប៊ុន ចាត់ចែងឱ្យចុះមកមើលទាំងផ្លូវ […] អញ្ចឹង អ៊ុក រ៉ាប៊ុន មកមើល ប៉ុន្តែខែវស្សាធ្វើមិនសូវជាប់ទេ ទាល់ខែប្រាំងចាប់ផ្តើមធ្វើ ខ្ញុំយល់ព្រមធ្វើជូន ក៏ប៉ុន្តែខ្ញុំគ្រាន់តែប្រគល់ទៅឱ្យអ្នកបច្ចេកទេសសិក្សា ថាតើធ្វើនៅក្នុងខែវស្សា ឬក៏ធ្វើនៅពេលចាប់ផ្តើមអស់ទឹកភ្លៀង គ្រាន់តែពេលវេលា ដូច្នេះខ្ញុំយល់ព្រមធ្វើផ្លូវពីរខ្សែហ្នឹង»

នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា សម្តេចបានបញ្ជាទិញម៉ាស៊ីនព្រួសស្រូវធុនធំ ចំនួន១ពាន់គ្រឿង និងម៉ាស៊ីនធនតូច១ពាន់គ្រឿង ហើយក្នុងនោះម៉ាស៊ីនធុនតូច ១៣០គ្រឿង នឹងយកទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ១៣០គ្រួសារមុនសិន។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងពីការបន្តវិនិយោគលើការកសាងប្រព័ន្ធធារាសាស្ត្រ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ ដែលកន្លងទៅនេះ រាជរដ្ឋាភិបាល បានវិនិយោគកលើការកសាងប្រព័ន្ធធារាសាស្រ្តរាប់ពាន់គីឡូម៉ែត្ររួចមកហើយ ហើយនឹងបន្តវិនិយោគលើវិស័យនេះ បន្ថែមទៀត ដើម្បីជំរុញដល់វិស័យកសិកម្ម។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការនាំចេញអង្ករឱ្យបាន ១លានតោន នៅតែជាគោលដៅ អាទិភាពរបស់កម្ពុជា ខណៈជារៀងរាល់ឆ្នាំកម្ពុជា នៅសល់ស្រូវប្រមាណជិត ៦លានតោន។ បន្ថែមពីនេះសម្តេចក៏បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំប្រែក្លាយវិបត្តិកូវីដ១៩ ដែលកំពុងកើតមាននេះ ទៅជាឱកាសនៃការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា និងជំរុញការនាំចេញកសិផល ដូចជាស្រូវអង្ករ ដំឡូងមី ស្វាយ និងចេកជាដើម៕

\