(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋ ត្រូវប្រើម៉ាសនៅពេលចាំបាច់ ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ ជាពិសេសប្រើម៉ាសក្រមា ដែលត្រូវបានផលិតនៅក្នុងប្រទេស។

ការអំពាវនាវរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសសម្តេចអញ្ជើញចុះពិនិត្យការធ្វើស្រែ ព្រមទាំងសំណេះសំណាលជាមួយប្រជាកសិករ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

មូលហេតុដែលសម្តេចតេជោនាយករដ្ឋមន្ត្រី អំពាវនាវឲ្យប្រើម៉ាសក្រមាដែលផលិតក្នុងស្រុក ព្រោះម៉ាសប្រភេទនេះអាចបោកគក់បាន និងប្រើបានរយៈពេល១ខែ ខណៈដែលម៉ាសនាំចូល ប្រើបានត្រឹមតែ ៣ម៉ោងប៉ុណ្ណោះ។ ការប្រើម៉ាសក្រមា មិនត្រឹមតែជួយលើកការពារខ្លួនពីជំងឺកូវីដ១៩ និងជំងឺផ្លូវដង្ហើមផ្សេងៗទេ តែក៏ជួយលើកស្ទួយផលិតផលក្នុងស្រុកផងដែរ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើង ទី១៖ ខិតខំប្រើម៉ាសដើម្បីការពារការឆ្លង [កូវីដ១៩] ប្រើម៉ាសនៅពេលចាំបាច់។ ទី២៖ ដើម្បីសន្សំសំចៃលុយ ប្រើប្រាស់ម៉ាសក្រមា ដែលផលិតក្នុងស្រុក»

លើកដៃបង្ហាញម៉ាសបណ្តើរ និយាយពន្យល់បណ្តើរ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា «ម៉ាសនេះអាចប្រើបាន១ខែ ឬលើសពីហ្នឹង បើយើងប្រើហើយយើងបោកគក់»

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ អ្នកមានកូវីដ១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៩៧នាក់ (ស្ត្រី៤៣នាក់ និងបុរស១៥៤នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបមានចំនួន១៤០នាក់ (ស្រី៣៩នាក់ និងបុរស១០១នាក់)។ អ្នកឆ្លងជំងឺកូវីដ១៩ទាំងអស់ សុទ្ធតែជាករណីនាំចូល និយាយជារួម នៅកម្ពុជាមិនទាន់មានការឆ្លងរាលដាលជំងឺនេះ ជាលក្ខណៈសហគមន៍ឡើយ។

ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កាលពីអំឡុងខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនឲ្យប្រជាពលរដ្ឋឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឡើយ ហើយនឹងសងថ្ងៃឈប់សម្រាករយៈពេល ៥ថ្ងៃវិញ នៅខែសីហា ឆ្នាំ២០២០ខាងមុខនេះ។

ទោះជាយ៉ាងនេះក្តី ក្នុងឱកាសសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតឱកាសអំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ហើយនៅពេលឈប់សម្រាក៥ថ្ងៃខាងមុខនេះ គួរចៀសវាងការប្រមូលផ្តុំគ្នា៕

\