(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារយន្ដការត្រីភាគីបូក សម្រាប់បន្តកិច្ចពិភាក្សា ការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារសំដៅ សម្រេចឱ្យបាននូវសេចក្តីព្រាងច្បាប់នេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការក្រសួងការងារ។

នាឱកាសនោះ លោកបណ្ឌិត អ៉ិត សំហេង បានលើកឡើងថា ស្ថិតក្នុងបរិបទដែលវិស័យឯកជន កាន់តែប្រឈមកាន់តែខ្លាំងទៅនឹងលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញនានា រាជរដ្ឋាភិបាលបានធ្វើការយ៉ាងជិតស្និតជាមួយវិស័យឯកជន ស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីធានាថាវិស័យឯកជន នៅតែអាចបន្តធានា បាននូវឧត្តមភាពប្រកួតប្រជែង សហគ្រាស គ្រឹះស្ថានទាំងអស់អាចរក្សាបានដំណើរផលិតកម្ម អាជីវកម្មរបស់ខ្លួនប្រកបដោយចីរភាព។

លោកបណ្ឌិត អ៉ិត សំហេង បានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនៅក្នុងវេទិការាជរដ្ឋាភិបាល-វិស័យឯកជនលើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ដោយបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ច លើប្រធានបទចំនួន១៥ ដែលក្នុងនោះ ការកែសម្រួលច្បាប់ស្តីពីការងារ គឺជាការងារអាទិភាពមួយ នៅក្នុងវិស័យការងារ។

ស្របតាមវិធានការកែទម្រង់មុតស្រួច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី, លោកបណ្ឌិត អ៉ិត សំហេង បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារសិក្សាលទ្ធភាព ក្នុងការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារឱ្យស្របតាមបរិបទសេដ្ឋកិច្ច និងសង្គម ដោយបានបញ្ចប់ការសិក្សាជាបឋម លើភាពចាំបាច់ និងអត្ថប្រយោជន៍ នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដោយបានសហការជាមួយ អង្គការអន្តរជាតិខាងការងារ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី នាពេលកន្លងមក ដើម្បីពិភាក្សាអំពីលទ្ធភាព លើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារនេះ។

ក្នុងបរិការណ៍នេះ ការលើកកម្ពស់ជំនាញ សមត្ថភាព និងផលិតភាព ព្រមទាំងកិច្ចគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាល កំណត់ជាអាទិភាពខ្ពស់នៅក្នុង «យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤» និងនៅក្នុងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដើម្បីបន្តពង្រឹងភាពប្រកួតប្រជែង ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងធានាបានកំណើនខ្ពស់ បន្តការបង្កើតការងារកាន់តែប្រសើរ និងបង្កើនប្រាក់ចំណូលប្រកបដោយស្ថិរភាព និងបរិយាប័ន្ន ព្រមទាំងបញ្ចៀសបាននូវហានិភ័យ និងផលប៉ះពាល់អវិជ្ជមានណាមួយ ដែលកើតមានឡើងជាយថាហេតុ។

សូមបញ្ជាក់ជូនថា ក្រសួងការងារ បានសម្រេចបង្កើតក្រុមការងារយន្តការត្រីភាគីបូក សម្រាប់ពិភាក្សាការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារនេះឡើង ដែលមានសមាសភាពត្រីភាគីក្នុងចំនួនស្មើៗគ្នា ដើម្បីបន្តជំរុញកិច្ចសន្ទនាសង្គមក្នុងពិភាក្សា និងពិគ្រោះយោបល់លើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ សំដៅជំរុញកំណើនផលិតភាព ភាពប្រកួតប្រជែងរបស់ជាតិ និងបង្កើនឱកាសការងាររបស់កម្មករនិយោជិត ស្របតាមសេចក្ដីត្រូវការក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕