(ភ្នំពេញ)៖ បន្ទាប់ពីធ្វើលិខិតទៅកាន់ លោក បារ៉ាក់ អូបាម៉ា រួចមកពេលនេះ កូនស្រីច្បង របស់លោក មាជ សុវណ្ណារ៉ា បានធ្វើលិខិតដូចគ្នា មួយទៀត ដើម្បីផ្ញើជូន លោក ចន ឃែរី (John Kerry) រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ឱ្យជួយដល់ឪពុករបស់នាង ដែលកំពុងជាប់ឃុំឃាំង នៅពេលរដ្ឋមន្រ្តីការបរទេសនៃប្រទេសមហាអំណាចមួយនេះ ធ្វើទស្សនកិច្ចនៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ចន ឃែរី នឹងមកបំពេញទស្សនកិច្ច រយ:ពេល២ថ្ងៃ នៅប្រទេសកម្ពុជា នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ។ អំឡុងទស្សនកិច្ចនេះ លោកមានគម្រោងជួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និង លោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង ផងដែរ។

នៅលើ Facebook របស់លោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ឱ្យដឹងថា មន្រ្តីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាម្នាក់ ឈ្មោះ រីអានិន ហ្សាបូរ៉ស្គី បានឆ្លើយតបតាមទូរស័ព្ទជាមួយកញ្ញា សុជាតា សុវណ្ណារ៉ា (កូនស្រី លោក មាជ សុវណ្ណារ៉ា) ហើយអះអាងថា នឹងយកលិខិតនោះ ទៅប្រគល់ជូនលោក ចន ឃែរី ដោយផ្ទាល់ដៃនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ បន្ទាប់ពីលោក មកដល់ប្រទេសកម្ពុជា។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ចំពោះករណីនេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា មិនទាន់ឆ្លើយតបភ្លាមៗចំពោះ Fresh News នៅឡើយទេ ។

សូមបញ្ជាក់ថា លោក មាជ សុវណ្ណារ៉ា ជាប្រធានផ្នែកផ្សព្វផ្សាយរបស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ​២០ឆ្នាំពីបទដឹកនាំ និងចូលរួមក្នុងចលនាកុប្បកម្មនាំឲ្យមានហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤។ កុប្បកម្មនេះបានបណ្តាលឱ្យមានអំពើហិង្សារបួសដល់ សន្តិសុខខណ្ឌ​ដូនពេញ​ចំនួន៣៨នាក់៕