(កំពង់ស្ពឺ)៖ ក្រុមហ៊ុន HTK ដែលបើកការដ្ឋានបំផ្ទុះយកថ្ម ស្ថិតនៅទីតាំងនៅភ្នំថ្មពុក ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចេញមកបង្ហាញឯកសារតាមផ្លូវច្បាប់ដែលពាក់ព័ន្ធមួយចំនួន និងបញ្ជាក់ពីលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលក្រុមហ៊ុនរបស់ខ្លូន បានបំផ្ទុះយកថ្មនៅតំបន់នោះ។

ការចេញមកបញ្ជាក់របស់ក្រុមហ៊ុនខាងលើនេះ បានធ្វើឡើងដើម្បីឆ្លើយតប និងប្រតិកម្មរបស់ប្រជាពលរដ្ឋរស់នៅតំបន់នោះ ព្រមទាំងព្រះសង្ឃថា ក្រុមហ៊ុនរំខានពួកគេទាំងផ្លូវសុខភាព នៅពេលដែលបំផ្ទុះយកថ្មម្តងៗ ជាពិសេសនោះ បានបណ្តាលឲ្យ ផ្លូវរបស់ពួកគាត់ ខូចខាតយ៉ាងធ្ងន់ធ្ងរ និងហុយដីទ្រលោមថែមទៀតផង។ ឆ្លើយតបនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃ នៅតំបន់នោះ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ តំណាងក្រុមហ៊ុន HTK លោក តាំង ឃុន បំភ្លឺនូវចំណុចមួយចំនួន ដែលបង្ហាញឲ្យឃើញថា ក្រុមហ៊ុនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាទាំងនេះ។

តំណាងក្រុមហ៊ុន បានលើកឡើងថា ទីតាំងដែលការដ្ឋានរបស់ខ្លួនស្ថិតនៅ មានចំងាយប្រមាណ៧គីឡូម៉ែត្រពីផ្លូវជាតិ ហើយក្រុមហ៊ុនបានជួសជុល និងស្រោចទឹកផ្លូវជាប្រចាំ មិនឲ្យហុយធូលី កំទេចថ្ម នាំឲ្យប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋនោះឡើយ។

ជាមួយគ្នានេះ សម្រាប់ការដ្ឋានមួយនេះ បានផ្តល់កម្លាំងពលកម្មជូនកូនអ្នកភូមិពី៣០នាក់ ទៅ៤០នាក់រស់នៅ តំបន់នោះបានចូលធ្វើការ ទទួលបានប្រាក់ខែសមរម្យទៀតផង។ សម្រាប់អាជ្ញាប័ណ្ណវិញ ក្រុមហ៊ុនបានទទួលពីក្រសួងពាណិជ្ជកម្ម តាំងពីឆ្នាំ២០០៨ ហើយក្រោយមកនៅចន្លោះឆ្នាំ២០១៣ ទើបមានវត្តមួយត្រូវបានកសាងនៅក្បែរនោះ ដែលមានចំងាយប្រមាណកន្លះគីឡូម៉ែត្រ។

សម្រាប់បច្ចេសទេសយកថ្មីវិញ ខាងក្រុមហ៊ុន បានបំផ្ទុះម្តង ក្នុងរយៈពេលជាងមួយសប្តាហ៍ ដោយខួងរណ្តៅច្រើន បំផ្ទុះកំទេចថ្មមិនខ្ទាតឆ្ងាយ មិនសូរសំឡេងខ្លាំងនោះទេ។ សូមបញ្ជាក់ថា នាពេលថ្មីៗនេះទាំងប្រជាពលរដ្ឋ និងព្រះសង្ឃ បានចោទប្រកាន់ក្រុមហ៊ុនមួយនេះ បំផ្ទុះយកថ្ម នាំឲ្យប៉ះពាល់ដល់សុខភាព និងផ្លូវត្រូវខូចខាតដោយសាររថយន្តដឹកថ្ម៕