(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងសមាជិកចំនួន ១១រូប នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយសម្រាប់អាណត្តិថ្មី។

ព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានគូសបញ្ជាក់ថា សមាជិកទាំង១១រូបនេះ ៩រូបជាសមាជិកក្នុងអាណត្តិចាស់ ហើយពីររូបទើបនឹងជ្រើសតាំងថ្មី។ សមាជិកទាំង១១រូបនេះ រួមមាន៖ លោក គុយ សុផល, លោក លី ណារុន, លោក តុប សំ, លោកស្រី សោម គឹមសួគ៌, លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន, លោក ហេង វង្សប៊ុនឆាត, លោក ស៊ុយ ម៉ុងលាង, លោក កែវ រ៉េមី, លោក ឱម យ៉ិនទៀត, លោក កើត រិទ្ធ និងលោក តាំង ស៊ុនឡាយ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ជាស្ថាប័នប្រឆាំងអំពើពុករលួយបង្កើតឡើងដោយព្រះរាជក្រឹត្យ មានតួនាទីពិគ្រោះយោបល់ និងផ្តល់អនុសាសន៍លើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានសមាជិក ១១រូប ដែលជ្រើសតាំងដោយព្រះមហាក្សត្រមួយរូប, ជ្រើសតាំងដោយព្រឹទ្ធសភាតាមសំឡេងភាគច្រើនដាច់ខាតចំនួនមួយរូប, ជ្រើសតាំងដោយរដ្ឋសភាតាមសំឡេងភាគច្រើនដាច់ខាតមួយរូប, ជ្រើសតាំងចេញពីរាជរដ្ឋាភិបាលមួយរូប, ជ្រើសតាំងដោយអាជ្ញាធរសវនកម្មជាតិមួយរូប, ចេញពីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចមួយរូប, ជ្រើសតាំងចេញពីក្រុមប្រឹក្សាអ្នកច្បាប់មួយរូប, ជ្រើសតាំងចេញពីក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌មួយរូប, ជ្រើសតាំងចេញពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមួយរូប, ជ្រើសតាំងចេញពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមួយរូប និងមួយរូបទៀតជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

ក្នុងព្រះរាជក្រឹត្យបានកំណត់ថា សមាជិកនីមួយៗ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ត្រូវមានសញ្ជាតិខ្មែរពីកំណើត, មានសីលធម៌ល្អ និងមានកេរ្តិ៍ឈ្មោះស្អាតស្អំ, មិនដែលមានទោសមជ្ឈិម ឬឧក្រិដ្ឋ ឬ មិនមានក្ស័យធន, មានសញ្ញាបត្រចាប់ពីឧត្តមសិក្សាឡើងទៅ, មានបទពិសោធន៍ការងារក្នុងសង្គមយ៉ាងតិច ១០ឆ្នាំ, មានអាយុយ៉ាងតិច ៤៥ឆ្នាំ។

សមាជិកទាំងអស់នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ សម្រាប់រយៈពេល ៥ឆ្នាំ។ សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយត្រូវបានកំណត់ថា ប្រធាន មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី, អនុប្រធាន មានឋានៈស្មើទេសរដ្ឋមន្ត្រី ហើយសមាជិក មានឋានៈស្មើរដ្ឋមន្ត្រី។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានភារកិច្ចកសាងយុទ្ធសាស្រ្ត និងនយោបាយប្រយុទ្ធប្រឆាំងអំពើពុករលួយ, ពិគ្រោះយោបល់ និងផ្តល់អនុសាសន៍ដល់អង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ, ឃ្លាំមើលដំណើរការការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ, ស្នើអង្គភាពប្រឆាំងអំពើពុករលួយឲ្យរាយការណ៍ ឬបំភ្លឺ, ធ្វើរបាយការណ៍ជូននាយករដ្ឋមន្ត្រី អំពីដំណើរការរបស់អង្គភាពប្រឆាំងអំពើពុករលួយ, ធ្វើរបាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នាំជូននាយករដ្ឋមន្ត្រី និងរៀបចំ និងអនុម័តបទបញ្ជាផ្ទៃក្នុងដើម្បីអនុវត្តភារកិច្ចរបស់ខ្លួន៕