(កំពត)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញការពេញចិត្ត និងរីករាយខ្លាំងទៅលើគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ (AIMS) ព្រោះបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកកសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារ។ លោករដ្ឋមន្ត្រី ជំរុញ និងលើកទឹកចិត្តឱ្យអ្នកព័ន្ធរួមគ្នាបង្កើនប្រសិទ្ធភាពនៃការអនុវត្តន៍គម្រោងមួយនេះ។

ការបង្ហាញក្តីពេញចិត្តលើគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច បានត្រូវស្តែងឡើងក្នុងពេលលោករដ្ឋមន្ត្រី អញ្ជើញទស្សនកិច្ចកសិដ្ឋានចិញ្ចឹមមាត់ស្រែមួយ​កន្លែងស្ថិត​នៅក្នុងឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។ ដំណើរទស្សនកិច្ចនេះធ្វើឡើង ដើម្បីសិក្សាស្វែងយល់ពីការវិនិយោគរវាងវិស័យសាធារណៈ និងឯកជនលើខ្សែច្រវ៉ាក់​តម្លៃមាន់ស្រែ និងការតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច។

ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីលោក ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម និងមន្ទីរនានាក្នុងខេត្តកំពតផងដែរ។

បន្ទាប់ពីបានអញ្ជើញទស្សនកិច្ចក្នុងកសិដ្ឋាន និងស្តាប់ម្ចាស់កសិដ្ឋានធ្វើបទបង្ហាញអំពីខ្សែច្រវ៉ាក់តម្លៃមាន់ស្រែក្នុងកសិដ្ឋានរួចមក លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែង​កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ម្ចាស់កសិដ្ឋានដែលបានបង្កើតកសិដ្ឋានដ៏ធំមួយនេះ ដើម្បីផលិត និងផ្គត់ផ្គង់តម្រូវការ​មាន់ស្រែទាំងទីផ្សារនៅ​ក្នុងខេត្តកំពត និងក្រៅខេត្ត។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដើម្បីធ្វើឱ្យការវិនិយោគរវាងវិស័យសារធារណៈ និងឯកជនលើខ្សែច្រវ៉ាក់តម្លៃមាន់ស្រែមានប្រសិទ្ធភាពខ្ពស់ «គម្រោងអេមស៍» គឺដើរតួ និងរួមចំណែកយ៉ាងសំខាន់។ ជាពិសេសក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនានាក្នុងវិស័យនេះ ត្រូវសហការគ្នាធ្វើឱ្យមានដំណើរការល្អក្នុងខ្សែច្រវ៉ាក់តម្លៃមាន់ស្រែ ដើម្បីជាផលប្រយោជន៍ដល់តួអង្គទាំងអស់ក្នុងខ្សែច្រវ៉ាក់តម្លៃ រួមទាំងអ្នកផលិតខ្នាតតូចផងដែរ។

ដោយមើលឃើញសក្ដានុពលពង្រីកផលិតកម្ម និងទីផ្សាររបស់កសិករនៃគម្រោងអេមស៍ បានសម្រេចជ្រើសរើសយកក្រុមហ៊ុន ៣ភីអិលអ៉ីហ្វាម ឯ.ក (3PLE FARMS) សម្រាប់ធ្វើទស្សនកិច្ចនៅថ្ងៃនេះ ដើម្បីស្វែងយល់ពីដំណើរការ នៃខ្សែច្រវ៉ាក់តម្លែផលិតកម្មមាន់សាច់របស់ក្រុមហ៊ុន ដកស្រង់យកបទពិសោធន៍ល្អៗ និងឈានទៅរកកិច្ចសហប្រតិបត្តិការ ក្នុងរូបភាពណាមួយជាមួយក្រុមហ៊ុនក្នុងស្មារតីភាពជាដៃគូការវិនិយោគលើវិស័យសាធារណៈ និងឯកជន។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនបញ្ជ្រាបកសិកររបស់គម្រោងអេមស៍ទៅក្នុងទីផ្សារសក្តានុពល ដែលមានស្រាប់របស់ក្រុមហ៊ុន តាមរយៈផែនការយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន ដើម្បីបង្កើនប្រាក់ចំណូលដល់កសិករខ្នាតតូចដែលរស់នៅក្នុងសហគមន៍ក្បែរៗក្រុមហ៊ុន និងបើកច្រក ទីផ្សារមាន់ស្រែបន្ថែមទៀត ដើម្បីលើកស្ទួយជីវភាពកសិករខ្នាតតូចកម្ពុជា។

លោករដ្ឋមន្ត្រី បានលើកឡើងដែរថា គម្រោងអេមស៍នេះ នឹងជួយសម្របសម្រួលដល់ក្រុមហ៊ុន ក្នុងការស្វែងរកហិរញ្ញប្បទាន ដើម្បីពង្រីកអាជីវកម្ម។ ជាពិសេសក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិបត្តិគម្រោងអេមស៍ នឹងទំនាក់ទំនងជាមួយក្រុមហ៊ុន ដើម្បីអញ្ជើញចូលរួមពិព័ណ៍ភូមិមួយផលិតផលមួយ និងកម្មវិធីយុទ្ធនាការទិញផលិតផលខ្មែរ នឹងជួយពង្រីកទីផ្សារកសិផលកាន់តែខ្លាំងក្លាថែមទៀត។

លោក ចាន់ សុខទី នាយកគម្រោងអេមស៍ បានឱ្យដឹងថា គម្រោងអេមស៍ បានចងក្រងក្រុមកសិករផលិតមាន់ស្រែបានចំនួន ៩០៦គ្រួសារ ចែកចេញជា ២១ក្រុម កសិករផលិតនៅខេត្តកំពត។ កសិករក្នុងក្រុមមានសមត្ថភាពផលិតមាន់ស្រែបានជាង ៥តោនក្នុងមួយខែ។ លោកបានឱ្យដឹងថា ទីផ្សារនៅក្នុងខេត្តអាចស្រូបយកមាន់ស្រែ បានប្រមាណ៧០% នៃផលិតផលសរុប និងទីផ្សារដទៃទៀត អាចស្រូបយកបាន ប្រមាណ៣០%។

លោក ចាន់ សុខទី បានឱ្យដឹងថា គម្រោងអេមស៍មានប្រតិបត្តិការនៅ ១៨ខេត្ត និងគាំទ្រខ្សែច្រវ៉ាក់តម្លៃផលិតផល ៥ប្រភេទ ដូចជាបន្លែ មាន់ស្រែ ស្រូវ ដំឡូង មី និងសូត្រឆៅ។ អ្នកទទួលផលគោលដៅផ្ទាល់របស់គម្រោង គឺជាគ្រួសារកសិករខ្នាតតូចរួមមានកសិករក្រីក្រ និងស្ថានភាពជិតក្រីក្រចំនួន ៧៥,០០០ គ្រួសារ ដែលស្ម័គ្រចិត្តសហការជាមួយសកម្មភាពគម្រោងតាមរយៈការចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃ។

ក្រុមអ្នកទទួលផលគោលដៅបន្ទាប់រួមមានសហគមន៍កសិកម្ម អង្គការកសិករ សហគ្រាសធុនតូច និងមធ្យម កសិពាណិជ្ជកម្ម សហគ្រាសសេវាកម្ម និងសមាគមឧស្សាហកម្មជាដើម៕


(ទស្សនកិច្ចកសិដ្ឋានចិញ្ចឹមមាន់ស្រែនៅខេត្តកំពត)