(ស្វាយរៀង)៖ លោកស្រី ដួង វណ្ណា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានថ្លែងបញ្ជាក់ថា មកដល់ពេលនេះជំងឺកូវីដ១៩ នៅមិនទាន់ចប់នៅឡើយទេ ហេតុនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត នៅរលកទី២ និងត្រូវការពារសុខភាព និងធ្វើអនាម័យ តាមការណែនាំរបស់លោកគ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច។

លោកស្រី ដួង វណ្ណា បានជំរុញបែបនេះនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកស្រី និងក្រុមការងារបានបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនគ្រួសារងាយរងគ្រោះ(ចាស់ជារា ៨ គ្រួសារ ជនពិការ ១នាក់ និងគ្រួសារមានជីវភាពខ្វះខាត ៦២គ្រួសារ ) សរុបចំនួន ៧១គ្រួសារ ក្នុងស្រុករមាសហែក មកពីឃុំក្រសាំង ១៨គ្រួសារ ឃុំសំបួរ ២៣គ្រួសារ និងឃុំសម្បតិ្តមានជ័យ ៣០គ្រួសារ។

លោកស្រី ដួង វណ្ណា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

លោកស្រីបានបន្តថា ជំងឺឆ្លងកូវីដ ១៩ មិនទាន់រលាយបាត់ពីផែនដីនៅឡើយទេ ជំងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងអាចធ្វើឲ្យ បាត់បង់ជីវិតដោយមិនទាន់មានថ្នាំព្យាបាលនោះទេ ដូចនេះពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត និងខិតខំប្រកបរបរបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀនផងដែរ ។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ៧១គ្រួសារ ក្នុង ១គ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០ កំប៉ុង, អាវយឺត ២, សាប៊ូ ២ដុំ, ក្រម៉ា១, ម៉ាស់ ១ , ថវិកា ៤០,០០០រៀល លោកស្រី ដួង វណ្ណា ក៏បានឧបត្ថម្ភបន្ថែមដល់ប្រជាពលរដ្ឋទាំង ៧១គ្រួសារ ក្នុង ១គ្រួសារថវិកា១០,០០០រៀល៕