(ស្វាយរៀង)៖ លោក សួស សារិទ្ធ អភិបាលរងស្រុកចន្ទ្រា ខេត្តស្វាយរៀង បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថស្រុក មន្ត្រីសាលាស្រុក កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំព្រៃគគីរ និងឃុំច្រេស សហការជាមួយ លោក នូ សារី នាយរងខណ្ឌរដ្ឋបាលជលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ចុះហាមឃាត់ខ្លួនមុខសញ្ញានេសាទត្រីខុសច្បាប់ នៅទំនប់អាងទឹកដូនទយ ស្ថិតនៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រា និងឃាត់មុខសញ្ញាមានប្រុសស្រីចំនួន០៦នាក់ និងសម្ភារប្រគល់ជូនជំនាញរដ្ឋបាលជលផលខេត្តស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់។

សមត្ថកិច្ចជំនាញបានឱ្យដឹងថា ជនសង្ស័យប្រុស ស្រី ទាំង០៦នាក់មានទី១៖ ឈ្មោះ រាជ ភារម្យ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិតាប៉ោ ឃុំសំឡី ស្រុកកំពង់រោទិ៍, ទី២៖ ឈ្មោះ ចាប ម៉ូ ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត, ទី៣៖ ឈ្មោះ ពៅ សុផា ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា, ទី៤៖ មានឈ្មោះ ថន សាម៉េត ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា, ទី៥៖ ឈ្មោះ រាម រ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិសំឡី ឃុំសំឡី ស្រុកកំពង់រោទិ៍ និងទី៦៖ លោក រាម រី ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិសំឡី ឃុំសំឡី ស្រុកកំពង់រោទិ៍។ បានដកហូតស្បៃមង ប្រវែង៣០ម៉ែត្រ អាគុយ និងអំភ្លីឆក់ត្រីមួយគ្រឿង ទូកមួយគ្រឿង។

លោក សួស សារិទ្ធ ក៏បានអំពាវនាវដល់ពលរដ្ឋ ត្រូវចូលរួមអភិរក្សធនធាន មច្ឆាជាតិ ឲ្យបានគង់វង្សត្រូវមានឆន្ទៈ ស្រឡាញ់ ធនធាន ជីវចម្រុះ ដែលមាននៅតាមមូលដ្ឋាន ជាពិសេសនៅរដូវបិទនេសាទនេះ ចៀសវាងកុំប្រើប្រាស់ឧបករណ៍នេសាទណាដែលច្បាប់ហាមឃាត់៕