(ភ្នំពេញ)៖ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) ដែលជាស្ថាប័នអប់រំដ៏ធំ និងល្បីមួយ បានចាប់ដៃគូជាមួយធនាគារ ហ្វីលីព ភីអិលស៉ី ដែលជាធនាគារធំមួយក្នុងចំណោមធនាគារធំៗនៅកម្ពុជា បានរៀបចំនូវកម្មវិធីចុះអនុស្សារណៈយោគយល់គ្នា (MoU) និងការប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធី បង់ថ្លៃសិក្សាតាមរយៈសេវាធនាគារចល័ត។

ពិធីចុះ MoU បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅសាលារៀនវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុក ក្នុងគោលបំណងរួមគ្នា ដើម្បីផ្តល់ភាពងាយស្រួលដល់ដំណើរការប្រតិបត្តិការបង់ប្រាក់ របស់សិស្សានុសិស្ស និង មាតាបិតាសិស្ស តាមរយៈសេវាធនាគារចល័ត (Phillip Mobile) ស្របតាមការ វិវឌ្ឍនៃបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើន។

លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានថ្លែងថា គោលបំណងនៃកិច្ចសហការនេះ មិនមែនដើម្បីតែបង្កើនគុណភាពបង់ប្រាក់ ឬទទួលប្រាក់តាមប្រព័ន្ធសេវាធនាគារចល័តបុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនទាំង២ ក៏បាននិងកំពុងគិតគូរពីការធ្វើទំនើបកម្មលើប្រព័ន្ធអប់រំបែបឌីជីថល ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ស្របតាម ទាន់ការវិវឌ្ឍទៅថ្ងៃអនាគត។

លោកបន្តថា ប្រតិបត្តិការទទួលប្រាក់ និងបង់ប្រាក់មានសភាពមមារញឹក ដែលបណ្តាលឲ្យមានការរង់ ចាំរបស់មាតាបិតា និងសិស្សានុសិស្សដែលត្រូវចំណាយពេលច្រើន។ ម៉្យាងវិញទៀត លោកសំឡឹងមើលថាមិនមាន ភាពងាយស្រួលទេ សម្រាប់មាតាបិតាសិស្ស សិស្សានុសិស្ស ដែលត្រូវកាន់ប្រាក់សុទ្ធធ្វើដំណើរមកកាន់ទីតាំង របស់សាលារៀន ដើម្បីបង់ប្រាក់នេះ គឺត្រូវឆ្លងកាត់ការប្រុងប្រយ័ត្ន សុវត្ថិភាពនៃការធ្វើដំណើរ សុវត្ថិភាពនៃការបាត់បង់ នឹងប្រឈមនឹងហានិភ័យនានា។

លោកបន្ថែមថា ចំពោះបុគ្គលិកប្រតិបត្តិការទទួលបន្ទុកទទួលប្រាក់ ក៏ត្រូវចំណាយពេលច្រើនសម្រាប់លើកិច្ចការប្រតិបត្តិការ។ សម័យកាលនៃការរីកចម្រើនលើប្រព័ន្ធបច្ចេកវិទ្យា លោកបានសំឡឹងឈោងចាប់ដៃគូថ្មី ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍ នោះគឺជាធនាគារ ហ្វីលីព ភីអិលស៉ី ដែលជាដៃគូដ៏សំខាន់ សម្រាប់រួមជាមួយ WEG ក្នុងប្រតិបតិ្តការបង់ទទួលប្រាក់តាមសេវាធានាគារចល័ត ចាប់ពីថ្ងៃនេះតទៅ ហើយវេសឡាញ និងធនាគារ ហ្វីលីព មានសហប្រតិបត្តិការរួមគ្នា ក៏បុគ្គលិកទាំងពីរស្ថាប័នក៏រួមគ្នា សំឡឹងមើលចាប់ពីនេះតទៅមានអ្វីខ្លះដែលធ្វើកិច្ចការរួមគ្នាបាន ដូចជានាំបុត្រធីតាមកសិក្សា ក្នុងលក្ខខណ្ឌពិសេសណាមួយ។

«ទាំងនេះគឺជាការគិតគូដល់មាតាបិតាសិស្ស សម្រួលរាល់ការលំបាកនានា សម្រួលនូវការចំណាយពេលវេលានាពេលកន្លងមក លោកអ្នកអាចយកពេលវេលានេះ បំពេញលើកិច្ចការផ្សេងៗបន្ថែមទៀត ដើម្បីអភិវឌ្ឍលើគ្រប់កិច្ចការសម្រាប់គ្រួសារ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ប៉ិច បូឡែន។

លោក ចាន់ ម៉ាច អគ្គនាយក ធនាគារ ហ្វីលីព ភីអិលស៉ី បានលើកឡើងថា បន្ទាប់ពីពិធីចុះអនុស្សារណៈនេះ លោក លោកស្រី សិស្សានុសិស្ស សិក្សានៅសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ អាចធ្វើការបង់ថ្លៃសិក្សាតាម រយៈសេវាធនាគារចល័ត របស់ធនាគារហ្វីលីព ដែលហៅកាត់ថា Phillip Mobile បានប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ ដោយមិនចាំបាច់ធ្វើដំណើរមកដល់សាលា និងមិនចាំបាច់រង់ចាំយូរនាំឲ្យមានយឺតយ៉ាវ និងចំណេញពេលវេលា។

ជាងនេះទៅទៀត ដើម្បីអបអរសាទរសម្រាប់ការដាក់ឲ្យដំណើរការកម្មវិធីបង់ថ្លៃសិក្សានេះ អតិថិជនចំនួន៥០០នាក់ដំបូងនឹង ទទួលបានសាច់ប្រាក់ត្រលប់មកវិញចំនួន ៥ដុល្លារ នៅពេលធ្វើការបង់ថ្លៃ សិក្សាលើកដំបូង តាមរយៈកម្មវិធី Phillip Mobile និងទទួលបានមកវិញចំនួន ២ដុល្លារ សម្រាប់អតិថិជន ទី៥០១ឡើងទៅ។ ការផ្តល់ជូននេះគឺចាប់ពីថ្ងៃទី១៧ ខែកក្កដា រហូតដល់ចុងខែធ្នូឆ្នាំ ២០២០។

«ធនាគារ ហ្វីលីពមានសុឆន្ទៈនឹងផ្តល់សេវាបន្តបន្ទាប់ទៀតដល់អតិថិជនរបស់សាលាវ៉េស្ទឡាញន៍ និងសាលារៀនណត្ស ឡាញន៍ រួមមាន ឥណទានសម្រាប់មាតិបិតា ឬអាណាព្យាបាល ធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងអាយុ ជីវិត...ជាដើម»។ នេះជាការបញ្ជាក់បន្ថែម ពីលោក ចាន់ ម៉ាច។

សូមរំលឹកថា សាលារៀនវ៉េស្ទឡាញន៍ បានជូនដំណឹងថា សាលារៀននេះចាប់ទទួលចុះឈ្មោះសិស្សចូលរៀនសម្រាប់បវេសនកាលថ្មី ឆ្នាំសិក្សា២០២០-២០២១ ពីថ្ងៃផ្សាយដំណឹងនេះទៅ។ សាលារៀន បាននាំមកនូវវេទិកា មធ្យោបាយបង្រៀនអនឡាញ និងពីចម្ងាយ ទំនាក់ទំនងគាំទ្រ និងស្វ័យសិក្សាយ៉ាងសម្បូរបែបដល់សិស្សានុសិស្ស និងមាតាបិតាសិស្ស ដែលជាទម្រង់បច្ចេកវិទ្យាក្នុងការសិក្សាថ្មីមួយក្នុងសតវត្សទី២១។ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២០-២០២១ ចូលរៀនថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ (កម្មវិធីមត្តេយ្យខ្មែរ ភាសាអង់គ្លេស និងភាសាចិន) និងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ (កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី១ ដល់ ទី១២)។

ដើម្បីអបអរសាទរបវេសនកាលថ្មី ឆ្នាំសិក្សា ២០២០-២០២១ សាលារៀនវ៉េស្ទឡាញន៍ ផ្តល់ជូនពិសេសរហូតដល់ ៤០% លើតម្លៃសិក្សា និងមិនគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូង សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃចូលរៀន។ សម្រាប់ព័ត៌មានសិក្សាលម្អិត និងការធ្វើតេស្តអនឡាញ សូមទំនាក់ទំនងទូរស័ព្ទលេខ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣៕