(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន២ករណីផ្សេងគ្នា ដកហូតវត្ថុតាងគ្រឿងញៀន២កញ្ចប់ថង់ធំ ស្មើនឹងទម្ងន់ប្រមាណ២គីឡូក្រាម ព្រមទាំងឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនជនជាតិខ្មែរ-ជនជាតិវៀតណាម២នាក់ នៅក្នុងខណ្ឌទួលគោក និងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ក្រោមការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចំនួន២រូប គឺលោក ឡុង ជាប និងលោក សឿ ឡងឌី។

លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ ធ្វើឡើងក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំនានានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ស្នងការ តែងតែដាក់ចេញនូវវិធានការណ៍ជំរុញកម្លាំងនគរបាលរាជធានីភ្នំពេញគ្រប់ផ្នែក និងគ្រប់ជំនាញសហការគ្នាដើម្បីបង្ក្រាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាពទាំងការ ប្រើប្រាស់ លក់ចែកចាយនិងជួញដូរគ្រឿងញៀន សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀននៅក្នុងរាជធានីភ្នំពេញ។

លោកស្នងការក៏ធ្លាប់បានប្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលក្រោមឱវាទ បើរកឃើញជាប់ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន។

យោងតាមរបាយការណ៍របស់នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ឱ្យដឹងថា ការបង្ក្រាបចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនទាំង០២នាក់ ដឹកនាំកម្លាំងចុះស្រាជ្រាវស៊ើបអង្កេតផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។
ក្រោយពីកម្លាំងជំនាញបានកំណត់មុខសញ្ញាជនសង្ស័យ និងឈានទៅដល់ការបង្ក្រាបចាប់ខ្លួនជនសង្ស័យគ្រឿងញៀនទាំង០២នាក់ជាបន្តបន្ទាប់។

របាយការណ៍បានបន្តថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមុនដំបូងវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានចាប់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ញឹម គឹមលៀង អាយុ២១ឆ្នាំ គ្មានមុខរបរពិតប្រាកដ នៅចំណុចខាងមុខសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ផ្លូវ២៥៧ សង្កាត់ទឹកល្អក់០១ ខណ្ឌទួលគោក ខណៈជនសង្ស័យធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនផាសអាប់។

ពេលឆែកឆេរត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញដកហូតវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន០១កញ្ចប់ថង់ធំ ស្មើនឹងទម្ងន់១០០០.៧៤ក្រាម និងមធ្យោបាយដឹកជញ្ជូនផាសអាប់០១គ្រឿង។

នៅថ្ងៃដដែលកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ក៏បានបន្តស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ទៀត ជាជនជាតិវៀតណាមមានឈ្មោះ សុខ ចន្ថា ភេទប្រុស អាយុ៥៧ឆ្នាំ ប្រកបមុខរបររត់ផាសអាប់ នៅចំណុចផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ពេលត្រួតពិនិត្យ សមត្ថកិច្ចរកឃើញដកហូតវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីនទឹកកក០១កញ្ចប់ថង់ធំ ស្មើនឹងទម្ងន់៩២៩.៨៤ក្រាម និងមធ្យោបាយដឹកជញ្ជូនផាសអាប់០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យគ្រឿងញៀន និងវត្ថុតាគ្រឿងញៀន កម្លាំងការិយាល័យជំនាញកំពុងយកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕