(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្តេចសព្វព្រះរាជហឫទ័យ បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកសម័យប្រជុំលើកទី៣៣ របស់ឧត្តមក្រុមប្រឹក្សនៃអង្គចៅក្រម នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

សេចក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានឲ្យដឹងថា សម័យប្រជុំលើកទី៣៣ មានរបៀបវារៈចំនួន៧ ដូចជា៖

ទី១៖ ពិនិត្យ និងសម្រេចអំពីការតែងតាំងប្រធានសាលាឧទ្ធរណ៍តំបន់ ការផ្ទេរ និងតែងតាំងប្រធាន អនុប្រធាន ចៅក្រមសាលាដំបូងរាជធានីខេត្តមួយចំនួន

ទី២៖ ពិគ្រោះយោបល់លើសំណើតែងតាំង អគ្គព្រះរាជអាជ្ញារង នៃអយ្យការអមសាលាឧទ្ធរណ៍តំបន់ ការផ្ទេរ និងតែងតាំងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីខេត្ត មួយចំនួន តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ទី៣៖ ពិនិត្យ និងសម្រេចលើសំណើសុំអនុញ្ញាតច្បាប់ ទៅបន្តការសិក្សារបស់ចៅក្រមមួយរូប នៃសាលាដំបូងខេត្តកណ្តាល

ទី៤៖ ពិនិត្យ និងសម្រេចលើសំណើតែងតាំងស៊ុបក្នុងក្របខណ្ឌចៅក្រម ចំពោះចៅក្រមកម្មសិក្សា ៣៩រូប

ទី៥៖ ពិគ្រោះយោបល់លើសំណើតែងតាំងស៊ុប ក្នុងក្របខណ្ឌព្រះរាជអាជ្ញា ចំពោះព្រះរាជអាជ្ញារង កម្មសិក្សា ១៥រូប តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌

ទី៦៖ ពិនិត្យ និងសម្រេចអំពីការកំណត់ងារសម្រាប់ចៅក្រម និងព្រះរាជអាជ្ញាតាមមុខតំណែង

ទី៧៖ បញ្ហាផ្សេងៗ៕