(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានព្រមានថា ជំងឺកូវីដ១៩នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋកម្ពុជានៅឡើយនោះទេ មិនអាចធ្វើប្រហែស ឬខ្វះការប្រុងប្រយ័ត្នបាននោះឡើយ។

ការព្រមានរបស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងបន្ទាប់ពីជំងឺកូវីដ១៩ ត្រូវបានរកឃើញនៅលើទឹកដីកម្ពុជាជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ របាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា មកដល់ពេលនេះកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ទៅ ១៧១នាក់ ក្នុងនោះ ៣៦នាក់ កំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនៅឡើយ។

លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា បើទោះបីករណីចុងក្រោយនេះសុទ្ធតែជាការនាំចូលពីក្រៅប្រទេស តែអាចនឹងបង្កការរីករាលដាលក្នុងប្រទេសគ្រប់ពេលវេលាបើខ្វះការប្រុងប្រយ័ត្ននោះ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែកក្កដា យ៉ាងដូច្នេះ «យើងមិនទាន់រួចផុតពីហានិភ័យនៃការចម្លងវីរុសកូវីដ១៩នោះទេ។ ថ្វីដ្បិតតែកន្លងមកនេះចំនួនអ្នកដែលបានរកឃើញសុទ្ធសឹងជាករណីនាំចូលពីប្រទេសក្រៅក៏ពិតមែន ប៉ុន្តែប្រសិនបើបងប្អូនប្រជាពលរដ្ឋរបស់យើងមានការធ្វេសប្រហែសដោយមិនយកចិត្តទុកដាក់ក្នុងការការពារខ្លួនឱ្យបានត្រឹមត្រូវទេនោះ។ ហានិភ័យនៃការចម្លងវីរុសកូវីដ១៩នៅតែមានទេ ដោយសារយើងមិនដឹងបុគ្គលណាខ្លះមានផ្ទុកវីរុសកូវីដ១៩ក្នុងកំលុងពេលធ្វើដំណើរ ក៏ដូចជាក្នុងពេលបុគ្គលចល័តពីកន្លែងមួយទៅកន្លែងមួយទៀត»

ដោយសារតែបារម្ភពីការរីករាលដាលជំងឺកូវីដ១៩នេះ ក្រសួងសុខាភិបាលនៅថ្ងៃនេះ ក៏បានចេញសេចក្តីអំពាវនាវទៅកាន់ប្រជាពលរដ្ឋកម្ពុជា ឱ្យមានការប្រុងប្រយ័ត្ន និងបង្ការខ្លួនឱ្យបានខ្ពស់ក្នុងពេលធ្វើដំណើរកម្សាន្ត ក៏ដូចជាឈប់សម្រាកនៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ខាងមុខនេះដែរ។

ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវវិធានការចំនួន៦រួមមាន៖ ជ្រើសរើសការជួបជុំគ្រួសារ ឬដំណើរកម្សាន្តប្រកបដោយសុវត្ថិភាពមិនមានការចម្លងជំងឺ, ជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព កាត់បន្ថយជាអតិប្បរិមានូវការចម្លងជំងឺ, ជ្រើសរើសទីកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការចម្លងជំងឺ, ជ្រើសរើសការទទួលទានអាហារប្រកបដោយសុវត្ថិភាពមិនបង្កការចម្លងជំងឺ, បុគ្គលម្នាក់ៗ ត្រូវរក្សាអនាម័យជានិច្ច និងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល។

ក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណជនចូលរួមអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកកាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឱ្យមានការចម្លងទៅសហគមន៍។

ក្រសួងសុខាភិបាលធ្លាប់បានណែនាំថា ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវវិធានអនាម័យរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ។ ជាពិសេសត្រូវរក្សាគម្លាតសុវត្ថិភាព និងប្រើម៉ាស់ឱ្យបានជាប់ជាប្រចាំពេលទៅកន្លែងប្រមូលផ្តុំ ឬកន្លែងមានការសង្ស័យមានជំងឺកូវីដ១៩នោះ៕