(ភ្នំពេញ)៖ សមិទ្ធិផលថ្មីមួយទៀត គឺទីស្នាក់ការភូមិអូរអណ្តូង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ នៅក្នុងភូមិអរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ពិធីសម្ពោធទីស្នាក់ការភូមិនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ក្រោមវត្តមានលោកស្រី ឡោក ខេង ប្រធានក្រុមការងារ ចុះជួយខណ្ឌច្បារអំពៅ លោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក ចេង មុនីរ៉ា អភិបាលខណ្ឌ, លោក-លោកស្រីជាអភិបាលរង, លោក មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកអធិការនគរបាលខណ្ឌ និងមានការចូលរួមពីប្រជាពលរដ្ឋជិត៣០០នាក់ ។

លោក ចេង មុនីរ៉ា បានថ្លែងនៅក្នុងអង្គពិធីដូច្នេះថា អាគារថ្មីទីស្នាក់ការភូមិអូរអណ្តូងនេះ ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ហើយបញ្ចប់ការសាង សង់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ មានទំហ៊ំទទឹង៥ម៉ែត្រ គុណបណ្តោយ៦ម៉ែត្រ កំពស់២ជាន់ ចំណាយទឹកប្រាក់អស់ជាង១១២លានរៀល ស្មើនឹងជាង២៧,០០០ដុល្លារ។

លោកបន្ដថា ប្រភពថវិកា នៃការសាងសង់អាគារថ្មីនេះ បានមកពីសប្បុរសជន ចូលរួមចំណែកជាមួយគណៈអភិបាលខណ្ឌ និងសង្កាត់ ទើបសម្រេចបាននូវសមិទ្ធិផលមួយបន្ថែមទៀត សម្រាប់បំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោកអភិបាលបានបន្តថា ក្នុងអាណត្តិបច្ចុប្បន្ននេះ គណៈអភិបាលខណ្ឌ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការទូទាំងខណ្ឌ-សង្កាត់-ភូមិ បានរួមគ្នាខិតខំបំពេញការងារ បំរើបងប្អូនប្រជាពលរដ្ឋ ក្នុងនោះការងារសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវបានខិតខំពង្រឹង រួមនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាបន្តបន្ទាប់ ដូចជាការស្ថាបនាផ្លូវបេតុង ជួសជុលផ្លូវ ដាក់លូ ដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ។

លោកថា ជាពិសេសការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋតាមរយៈការិយាល័យច្រកចេញ-ចូល តែមួយខណ្ឌ-សង្កាត់ ត្រូវបានយកចិត្តទុកដាក់ធ្វើយ៉ាងណា ឲ្យការផ្តល់សេវាកាន់តែមានប្រសិទ្ធភាព តម្លាភាព និងពេលវេលាទទួលសេវាកាន់តែសមស្របឆាប់ រហ័សជូនដល់ប្រជាពលរដ្ឋ។ ក្រៅពីនេះ ការសម្របសម្រួលដោះស្រាយបញ្ហាប្រឈម នានានៅក្នុងមូលដ្ឋាន ក៏ត្រូវបាន យកចិត្តទុកដាក់ដោះស្រាយជូនជាបន្តបន្ទាប់។

លោកបន្ដថា អ្វីដែលសំខាន់ជាងនេះទៀត ក្រោយពេលសម្ពោធដាក់ឲ្យប្រើប្រាស់អាគារថ្មីទីស្នាក់ការភូមិនេះហើយ គណៈភូមិត្រូវមានក្រុមការងារប្រចាំការ នៅទីស្នាក់ការជានិច្ច ដើម្បីចាំទទួលប្រជាពលរដ្ឋមកប្រាស្រ័យទាក់ទងពីបញ្ហាផ្សេងៗ ដែលកើតមាននៅក្នុងភូមិ ។

នៅក្នុងពិធីនេះដែរ លោកស្រី ឡោក ខេង ប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ បានថ្លែងកោតសរសើរដល់លោក ចេង មុនីរ៉ា, ក្រុមប្រឹក្សាខណ្ឌ-សង្កាត់ ដែលបានខិតខំរួមគ្នាក្នុងការគៀងគររកសប្បុរសជនជួយឧបត្ថម្ភជាសម្ភារ និងថវិកា ក្នុងការសាងសង់អាគារថ្មីទីស្នាក់ភូមិអូរអណ្តូង ដើម្បីបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ សមិទ្ធិផលនេះសបញ្ជាក់ជាជាវឌ្ឍនៈភាពថ្មីមួយទៀតរបស់រដ្ឋបាលខណ្ឌច្បារអំពៅ៕