(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅសាលាសង្កាត់ផ្សារថ្មទី៣ មានប្រារព្ធពិធី ប្រគល់ប័ណ្ណសមធម៌ គ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១២គ្រួសារ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោមអធិបតីលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ។

ស្របនឹងកិច្ចសួរសុខទុក្ខ និងសំណេះសំណាលនេះដែរ ក៏បាននាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយមួយគ្រួសារៗ ទទួលបាន ថវិកា២០,០០០រៀល អង្ករចំនួន ២៥គីឡូក្រាម, មីជាតិចំនួន ០១កេស, សាប៊ូលាងដៃចំនួន ០៤ដុំតូច, ទឹកត្រី ០១យួរ និង ថ្នាំដុះធ្មេញចំនួន ០១ឡូ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

ឆ្លៀតក្នុងឱកាសនេះដែរ គណៈអធិបតី ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ ព្រមទាំងបានផ្សព្វផ្សាយក្រើនរំលឹកបន្ថែមអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ កូវីដ -១៩ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕