(ភ្នំពេញ)៖ រដ្ឋបាលព្រៃឈើភ្នំពេញ បានបន្តនាំយកដើមឈើប្រភេទធ្នុង គ្រញូង ទៅដាំនៅក្នុងបរិវេណសាលាបឋមសិក្សាភ្នំដូនពេញ ដើម្បីចូលរួមឲ្យរាជធានីភ្នំពេញ ជាទីក្រុងដែលមានពណ៌បៃតង ពិសេសបរិវេណក្នុងសាលាបឋមសិក្សាទាំងមូលមានបរិស្ថានស្រស់ស្រាយ បង្កើនបរិយាកាសល្អដល់សិស្សានុសិស្សស្រូបយកខ្យល់អាកាសបរិសុទ្ធនៃដើមឈើ។

ការដាំដើមឈើគ្រប់ប្រភេទជាច្រើនដើមធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីតាំងសាលាបឋមសិក្សាភ្នំដូនពេញ ដែលមានការចូលរួមពីនាយិកា លោកគ្រូ អ្នកគ្រូ និងមន្ត្រីរដ្ឋបាលព្រៃឈើជាច្រើននាក់ផងដែរ។

លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានប្រាប់ឲ្យដឹងថា ការដាំដើមឈើនៅព្រឹកនេះ ដើម្បីជួយទ្រទង់បរិស្ថាននិងជួយលើសម្រស់ពណ៌បៃតងក្នុងបរិវេណសាលាផង និងក្នុងទីក្រុងភ្នំពញផងដែរ។ លោកបន្ថែមថា ឈើដែលដាំនៅពេលនេះជាប្រភេទឈើប្រណិតដែលកំរ រួមមាន៖ គ្រញូង ធ្នង់ បេង ននេល... ផងដែរ។

លោក គាំ សីហា បានបញ្ជាក់ទៀតថា ដើមឈើទាំងអស់នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់ជូន និងតែងតែបានណែនាំឲ្យរដ្ឋបាលព្រៃឈើ ចូលរួមដាំដើមឈើទាំងអស់គ្នា និងត្រូវស្រលាញ់ និងថែទាំដើមឈើឲ្យដូចយើងស្រលាញ់ និងថែទាំកូនចៅរបស់យើងដែរ ព្រោះដើមឈើមានសារៈសំខាន់ណាស់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេស វាជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោកថែមទៀត។

លោក គាំ សីហា បានថា ជារៀងរាល់ឆ្នាំ រដ្ឋបាលព្រៃឈើភ្នំពេញ តែងតែចុះដាំដើមឈើបន្ថែមនៅក្នុងទីតាំងវិទ្យាល័យ មន្ទីរពេទ្យ វត្តអារាម ជាដើម។ លោកបន្តថា ការដាំដើមឈើក្នុងបរិវេណ សាលានេះ មិនត្រឹមតែអាចផ្តល់ជាម្លប់ដល់សិស្សានុសិស្សទេ វាអាចជួយកាត់បន្ថយការបម្រែបម្រួលអាកាសធាតុនៅលើភពផែនដី ហើយជួយកម្ចាត់ជាតិពុលនានា នៅក្នុងបរិវេណសាលា ក៏ដូចរាជធានីភ្នំពេញផងដែរ។

ជាមួយគ្នានេះ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ក៏បានសំណូមឲ្យសិស្សានុសិស្ស ប្រជាពលរដ្ឋគ្រប់រូបចូលរួមដាំដើមឈើ និងថែទាំដើមឈើដែលបានដាំរួចឲ្យលូតលាស់ល្អ ព្រោះដើមឈើមានសារៈសំខាន់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោកផងដែរ។

នាឱកាសនោះដែរ លោកស្រី អ៊ុង កុលវឌ្ឍនា នាយិកា សាលាបឋមសិក្សាភ្នំពេញ បានថ្លែងអំណរគុណដល់អភិបាលរាជធានី តាមរយៈលោក គាំ សីហា ដែលផ្តល់ដើមឈើ និងបានយកមកដាំ នៅក្នុងបរិវេណសាលានាពេលនេះ ដែលដើមឈើ គឺបានផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់សត្វ មនុស្ស ជាពិសេសសម្រាប់សិស្សានុសិស្សនាពេលបច្ចុប្បន្ន និងអនាគត ដល់កូនចៅជំនាន់ក្រោយ បានស្គាល់ប្រភេទដើមឈើប្រណីតៗរបស់ខ្មែរ៕