(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានព្រមានថា ការរាតត្បាតនៃជំងឺកូវីដ១៩ មិនទាន់សាបរលាបនៅឡើយនោះទេ ហើយបានទទូចឱ្យប្រជាពលរដ្ឋអនុវត្តនូវវិធានការបង្ការការឆ្លងជំងឺកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួននៅក្នុងឱកាសឈប់សម្រាករយៈពេល៥ថ្ងៃនៅខែសីហាខាងមុខនេះ។

រាជរដ្ឋាភិបាល បានសម្រេចឱ្យប្រជាពលរដ្ឋខ្មែរឈប់សម្រាករយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ដើម្បីសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ សម្រាប់ក្រសួងសុខាភិបាល នៅតែមានការព្រួយបារម្ភខ្លាចមានការចម្លងជំងឺកូវីដ១៩ ក្នុងកំលុងពេលនៃថ្ងៃឈប់សម្រាកនាពេលខាងមុខនេះ។

ដើម្បីបង្ការការចម្លង និងរីករាលដាលជំងឺកូវីដ១៩ ក្នុងពេលឈប់សម្រាកនេះ ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវវិធានការចំនួន៦រួមមាន៖ ជ្រើសរសើការជួបជុំគ្រួសារ ឬដំណើរកម្សាន្តប្រកបដោយសុវត្ថិភាពមិនមានការចម្លងជំងឺ, ជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព កាត់បន្ថយជាអតិប្បរិមានូវការចម្លងជំងឺ, ជ្រើសរើសទីកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការចម្លងជំងឺ, ជ្រើសរើសការទទួលទានអាហារប្រកបដោយសុវត្ថិភាពមិនបង្កការចម្លងជំងឺ, បុគ្គលម្នាក់ៗ ត្រូវរក្សាអនាម័យជានិច្ច និងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល។

ក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណជនចូលរួមអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកកាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឱ្យមានការចម្លងទៅសហគមន៍។

ខាងក្រោមជាវិធានការលម្អិតរបស់ក្រសួងសុខាភិបាល ដែលបានស្នើឱ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់នៅថ្ងៃឈប់សម្រាក ដើម្បីបង្ការជំងឺកូវីដ១៩៖