(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.អ.ឆ.ក. លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក. និង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាសមាជិក គ.អ.ឆ.ក. បានអញ្ជើញពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ ខ្សែ ប្រវែង៨២,៥៧៤ គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ។

គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ គម្រោងបានសម្រេចចាក់បេតុងបាន ៩៩,៩២% ដាក់លូបាន ១០០% រៀបខឿនថ្មក្រានីតបាន ៥៩,៩៩% រៀបកម្រាលថ្មក្រានីតបាន ៤,៤៨% ដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបាន ២៣,៨៩% និងបំពាក់អំពូលភ្លើងដែលប្រើបច្ចេកវិទ្យាវៃឆ្លាតបាន ១០,៤៥% នៃបង្គោលភ្លើងដែលបានដាំរួច។

គម្រោងក៏បាននិងកំពុងរៀបចំកែលម្អឆ្នេរសមុទ្រឡើងវិញ និងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ទីតាំង ដែលទី១នៅក្បែរសណ្ឋាគារ Sunshine Bay មានសមត្ថភាពច្រោះ ៥ ២០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបាន ២០% និងទី២នៅក្បែរសណ្ឋាគារសុខា មានសមត្ថភាពច្រោះ ៧ ២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ សម្រេចបាន១០%។

ជាមួយគ្នានេះ គម្រោងនឹងធ្វើការអ៊ុតកម្រាលកៅស៊ូ រៀបចំគំនូសសញ្ញា និងភ្លើងចរាចរណ៍ និងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវ ព្រមទាំងសាងសង់ចំណតរថយន្តនិងបន្ទប់ទឹកសាធារណៈនៅតាមបណ្តោយឆ្នេរសមុទ្រផងដែរ។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ នៅខេត្តព្រះសីហនុ ជាគម្រោងរបស់រាជរដ្ឋាភិបាល ដែលអនុវត្តដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងត្រូវបានធ្វើពិធីបើកការដ្ឋានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

គម្រោងនេះ នឹងចូលរួមអនុវត្តផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើឱ្យខេត្តព្រះសីហនុក្លាយទៅជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍទីក្រុងទំនើប និងការរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាទំនើប៕