(ភ្នំពេញ)៖ អង្គការលីកាដូ, សម្ព័ន្ធសហជីពកម្ពុជា, មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស និងសមាគមធាងត្នោត បានចេញលិខិតរួមគ្នាមួយ ឆ្លើយតបលិខិតរបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយអះអាងខ្លួនមិនព្រមកែតម្រូវរបាយការណ៍ ដូចការចង់បានរបស់សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុឡើយ។

លិខិតរួមរបស់អង្គការ-សមាគមទាំង៤ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានលើកឡើងថា «ជាជំហររួមយើងខ្ញុំ សូមបដិសេធសំណើរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ក្នុងការកែប្រែទៅលើរបាយការណ៍ទាំង៣ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងកម្ចីឥណទានខ្នាតតូច នៅកម្ពុជា»

ជាមួយគ្នានេះ អង្គការ-សមាគមទាំង៤បានអះអាងថា នឹងបន្តផ្សព្វផ្សាយ និងចែករំលែកទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ទោះបីជាការ រៀបរាប់ពីបញ្ហាសិទ្ធិមនុស្សទាំងនេះ ពាក់ព័ន្ធគ្នាទៅនឹងវិស័យមីក្រូហិរញ្ញវត្ថុ និងកម្ចីឥណទានខ្នាតតូចក៏ដោយ។

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ សហគមធនាគារនៅកម្ពុជា និងសមាគមទីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្ញើលិខិតជូនដល់ថ្នាក់ដឹកនាំរបស់អង្គការលីកាដូ, សម្ព័ន្ធសហជីពកម្ពុជា, មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស និងសមាគមធាងត្នោត ដើម្បីឲ្យកែតម្រូវរាល់របាយកាណ៍មិនពិតប្រាកដ របស់អង្គការសមាគមទាំងនេះ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មើលឃើញថា របាយកាណ៍របស់ទាំងនោះ បានចេញផ្សាយដោយគ្មានមូលដ្ឋានវិទ្យាសាស្ត្រ ខ្វះតម្លាភាព ជាពិសេសមិនដែលបានសាកសួរ ឬពិភាក្សាជាមួយ ស្ថាប័នជំនាញពាក់ព័ន្ធ។ អត្ថបទដែលគ្មានមូលដ្ឋានច្បាស់លាស់ មិនគ្រប់ជ្រុងជ្រោយនេះទៀតសោត បានផ្តល់ឱកាសឱ្យជនខិលខូចមួយចំនួន យកទៅផ្សព្វផ្សាយបន្ត ក្នុងចេតនាញុះញង់ បង្កចលាចលដល់សង្គមជាតិ នាំឱ្យ ប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ព្រមទាំង សន្តិសុខជាតិ៕