(ភ្នំពេញ)៖ គិតចាប់ពីឆ្នាំ២០១៤ ដល់ខែមិថុនា ឆ្នាំ២០២០នេះ មានជនបរទេស សរុបចំនួន១៧,២៣០នាក់ ស្រី២,៩៧១នាក់ ស្មើនឹង១០៤សញ្ជាតិ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ក្រោយរកឃើញថាចូលមកធ្វើការ និងរស់នៅដោយខុសច្បាប់។

របាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញថា បច្ចុប្បន្ន មានជនបរទេសកំពុងស្នាក់នៅកន្លែងត្រៀមបណ្ដេញចេញ នៅមណ្ឌលភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ចំនួន៩៣នាក់ ស្រី៨នាក់ មាន២០សញ្ជាតិ។

ដោយឡែក ក្នុងឆមាសទី១នេះ បទល្មើសបង្កដោយជនបរទេស មានចំនួន ៤០២នាក់/ ៧៧៦នាក់ ថយចុះ ៤៨,១៩% បើប្រៀបធៀបទៅនឹងឆមាសទី១ ឆ្នាំ២០១៩។ ជាក់ស្តែងបានឃាត់ខ្លួនចំនួន ៣៦៤នាក់/៧៥៦នាក់ មាន ៣៤សញ្ជាតិ (ភាគច្រើន ជនជាតិចិន ១២៣នាក់, វៀតណាម ១០៩នាក់ នីហ្សេរីយ៉ា ៣៨នាក់,អាម៉េរិក ១៦នាក់ និង ៣០សញ្ជាតិទៀត ពី១ដល់៩នាក់)។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា បច្ចុប្បន្នមានជនបរទេសដែលកំពុងជាប់ឃុំ ក្នុងពន្ធនាគារនៅទូទាំងប្រទេស គិតត្រឹមខែមិថុនា ឆ្នាំ២០២០ មានសរុបចំនួន ១,៨៧៤នាក់ មាន៤៥សញ្ជាតិ (ភាគច្រើនជាងគេ គឺជនជាតិវៀតណាម, ចិន, នីហ្សេរីយ៉ា និងថៃ)។

ជនបរទេសរងគ្រោះ ដោយឧប្បទ្ទវហេតុផ្សេងៗ ចំនួន២១១នាក់ ក្នុងនោះស្លាប់ដោយសារជំងឺ១០០នាក់, ឃាតកម្ម៤នាក់, អត្តឃាដ១៤នាក់, ដោយគ្រោះថ្នាក់ចរាចរណ៍៥នាក់ និងរងគ្រោះដោយអំពើផ្សេងៗចំនួន៨៨នាក់៕