(បន្ទាយមានជ័យ)៖ ដោយមើលឃើញអំពីការលំបាករបស់ប្រជាពលរដ្ឋក្នុងរដូវវស្សា ដែលរងការជន់លិចជាបន្តបន្ទាប់ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានចុះបើកការដ្ឋានស្ថាបនាផ្លូវ១ខ្សែ មានទទឹង៨ម៉ែត្រ បណ្តោយ ១,៣០៦ម៉ែត្រ នៅភូមិមណ្ឌល១ មណ្ឌល២ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្រោងប្រើថវិកាជាង២០ម៉ឺនដុល្លារ បានមកពីមូលនិធីឃុំសង្កាត់។

លោក គាត់ ហ៊ុល បានឱ្យដឹងថា ផ្លូវ១ខ្សែនេះមានការលំបាកយូរណាស់មកហើយ បច្ចុប្បន្ននេះអាជ្ញាធរបានស្ថាបនាផ្លូវនេះសាជាថ្មី ដើម្បីជួយសម្រួលដល់អ្នកធ្វើ ដំណើរឆ្លងកាត់ និងដឹកអ្នកជំងឺឆ្លងកាត់ពីផ្លូវជាតិលេខ៥ មកមណ្ឌលសុខភាពបង្អែកក្រុងប៉ោយប៉ែត។

លោក គាត់ ហ៊ុល ក៏បានផ្តាំផ្ញើដល់ពលរដ្ឋត្រូវខិតខំយកចិត្តទុកដាក់ចេះថែរក្សាផ្លូវ១ខ្សែនេះ ឲ្យបានជាប់គង់វង្សយូអង្វែងដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយ ហើយមិនត្រូវ ចោលកាកសំណល់សំរាមពាសវាលពាលកាលលើផ្លូវធ្វើឲ្យកកស្ទះក្នុងលូរ ទឹកហូរមិនទាន់បណ្តាលឲ្យមានទឹកដក់លើផ្លូវធ្វើឱ្យផ្លូវឆាប់ខូចនោះទេ គឺត្រូវវេចខ្ចប់ ដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ។

អភិបាលក្រុងប៉ោយប៉ែត ក៏បានផ្តាំផ្ញើរដល់ពលរដ្ឋត្រូវចេះសំអាតអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ការពារនូវវីរុសកូវីដ១៩ ទោះបីកម្ពុជាពុំមាន អ្នកណាម្នាក់ស្លាប់ក៏ដោយ ក៏ត្រូវមានការប្រុងប្រយ័ត្នជាប់ជាប្រចាំ៕