(កំពង់ធំ)៖ លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់ ក្រោមការបញ្ជាផ្ទាល់របស់លោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ នាវេលាម៉ោង១៥៖៣០នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

កិច្ចប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសង មានកម្លាំងកងរាជអាវុធហត្ថ១៥នាក់ រថយន្ត៣គ្រឿង បង្ក្រាបបនល្បែងស៊ីសង កន្ទុយលេខ នៅចំណុចភូមិលាបទងក្រៅ ឃុំទ្រា, ភូមិលាបទង ឃុំកំពង់ចិនត្បូង និងភូមិសណ្ដាន់ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

លទ្ធផលនៃការបង្ក្រាប សមត្ថកិច្ចបានឃាត់ខ្លួនក្រុមអ្នកញៀនល្បែង បានចំនួន៥នាក់៖

*ទី១៖ ឈ្មោះ ជា មួយជង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់បន្លែ រស់នៅភូមិលាបទងក្នុង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ជាអ្នកលេងចាក់កន្ទុយលេខ
*ទី២៖ មេកន្ទុយលេខដ៏មានឈ្មោះល្បី នៅក្នុងផ្សារស្រុកស្ទោង បានគេស្គាល់ថា ឈ្មោះ ប៉ិច ឈុននី ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរលក់អង្ករ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ
*ទី៣៖ អ្នកលក់ផ្ទាល់ នៅក្នុងផ្សារ ឈ្មោះ អៀត អោ ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិលាបទងក្នុង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ
*ទី៤៖ កូនកញ្រ្ចែង, ឈ្មោះ ឌុន ផារិន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិសណ្ដាន់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ
*ទី៥៖ មេកន្ទុយលេខ ដ៏មានប្រជាប្រិយភាព និងល្បីល្បាញខាងអួតអាងថា ពុំមានសមត្ថកិច្ច ឬអាជ្ញាធរណាមានហ៊ានបង្ក្រាបកន្លែងលោក, ឈ្មោះ ប៉ិ ប៊ុនធឿន ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរលក់អង្ករ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

សូមបញ្ជាក់ថា បនល្បែងស៊ីសង កន្ទុយលេខឆ្នោតសៀម ឆ្នោតយួន រួមទាំងបៀរអាប៉ោង ធ្វើសកម្មភាពលេងល្បែងស៊ីសង នៅក្នុងស្រុកស្ទោងនេះ ជាយូរមកហើយ តែគ្មានការបង្ក្រាបឡើយ ដែលជាហេតុធ្វើឲ្យមានការសង្ស័យថា មានការឃុបឃិតពីសំណាក់សមត្ថកិច្ចមូលដ្ឋាន រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន ដែលបានបិទភ្នែកបិទច្រមុះបណ្ដែតបណ្ដោយ ឲ្យមានការលេងល្បែងស៊ីសង នៅក្នុងស្រុកស្ទោង។

ជាពិសេសនោះ នៅក្នុងផ្សារស្ទោង តែងតែមានកើតហេតុជាបន្តបន្ទាប់ ពីរករណីគាស់កញ្ចក់រថយន្តនឹងអំពើចោរកម្ម ទាំងឡាយតែពុំអាចវែកមុខចាប់ចោរ បាននោះឡើយ។ ចំណែកវត្ថុតាង ដែលសមត្ថកិច្ចរឹបអូសបានមាន៖ ទូរស័ព្ទ៥គ្រឿង, សៀវភៅកត់កន្ទុយលេខ២០ក្បាល, ប៊ិច៤ដើម, ម៉ាស៊ីនគិតលេខ១គ្រឿង។

មជ្ឈដ្ឋានទូទៅ រួមទាំងមហាជន សំដែងនូវការគាំទ្រចំពោះការបង្ក្រាបល្បែងស៊ីសង របស់លោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានធ្វើសកម្មភាពបង្ក្រាបល្បែងស៊ីសង ដូចភ្លៀងរលឹម ធ្វើឲ្យសកម្មភាពបទល្មើសផ្សេងៗ មានការថយចុះគួរឲ្យកត់សម្គាល់៕