(កណ្ដាល)៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានបំផុសឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមស្រលាញ់បរិស្ថាន ស្រលាញ់ដើមឈើ និងនាំគ្នាដាំឲ្យបានច្រើន តាមលទ្ធភាព ខណៈដែលរដ្ឋបាលខេត្តកណ្ដាល បាននាំយកកូនឈើ១៥០០ដើម ចែកជូនបងប្អូនដាំ តាមគេហដ្ឋានរៀងៗខ្លួន ព្រមទាំងដាំកូនដើមក្ងោក៧០០ដើម តាមផ្លូវជាតិលេខ៦អា ចំណុចស្រុកមុខកំពូល ដើម្បីលើកតម្កើនសម្រស់ពណ៌បៃតងតាមផ្លូវ។

សកម្មភាពនេះ ត្រូវបានដឹកនាំធ្វើឡើង ដោយលោក គង់ សោភ័ណ្ឌ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រោមការចូលរួម ពីមន្ត្រីអ្នកមុខអ្នកការ និងលោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូលផងដែរ។

លោកអភិបាលខេត្ត បានថ្លែងថា ព្រៃឈើមានតួនាទីសំខាន់ណាស់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី និងជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស ហើយដើមឈើនេះ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត ជាអាយុជីវិតមនុស្ស សត្វ ដែលបានផ្តល់នូវពហុប្រយោជន៍ មិនអាចប៉ាន់ប្រមាណ បានដល់មនុស្សជាតិ មានតម្លៃខាងសេដ្ឋកិច្ច និងសង្គមជាតិ។

លោកបន្ដទៀតថា ជាពិសេសជួយរក្សានូវលំនឹងបរិស្ថានធម្មជាតិ ធ្វើឲ្យធាតុអាកាសមានភាពកាន់តែល្អប្រសើរ រក្សានិយ័តភាពប្រភពទឹក ការពារទីជម្រាល និង ជីវចម្រុះ សំខាន់ទៀតនោះ ព្រៃឈើមានការទំនាក់ទំនងច្រើន ទៅនឹងវិស័យកសិកម្ម។

ជាមួយគ្នានោះ លោកអភិបាលខេត្ដ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន, កងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការ, សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែទាំកូនឈើ ដែលបានដាំហើយនាពេលនេះ ព្រោះថា នៅក្នុងរយៈពេលពី៤ ទៅ៥ឆ្នាំខាងមុខទៀត សង្ឃឹមថា តាមដងផ្លូវជាតិ នៃស្រុកមុខកំពូល ពេញទៅដោយដើមឈើ នឹងទទួលបានពណ៌បៃតងស្រស់ ដែលគេហៅថារុក្ខវិថី អមទៅដោយរុក្ខជាតិចម្រុះពណ៌។

លោក គង់ សោភ័ណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្ដប្រុងប្រយ័ត្នខ្ពស់ពីវីរុស Covid-19 ដោយមិនត្រូវធ្វេសប្រហែសឡើយ ហើយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះធ្វើអនាម័យខ្លួនប្រាណឲ្យបានស្អាត លាងដៃជាមួយអាល់កុល រឺសាប៊ូ ឲ្យបានជាប្រចាំពេលធ្វើដំណើរតាមផ្លូវ និងនៅទីប្រជុំជនត្រូវពាក់ម៉ាស ឲ្យបានត្រឹមត្រូវ៕