(ភ្នំពេញ)៖ កំលុងពេលជម្ងឺកូវីដ១៩ កំពុងតែរាតត្បាតលើពិភពលោក និងបានកើតឡើងនៅកម្ពុជាផងដែរនោះ, លោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ដែលជាអនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ នៅតែបន្តសកម្មភាព ក្នុងការដឹកនាំក្រុមការងារចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៥គ្រួសារទៀត ស្ថិតនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

សកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់របស់លោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា បានរៀបចំធ្វើឡើងនៅគ្រាដែលជំងឺកូវីដ១៩ កំពុងរីករាលដាលលើពិភពលោក និងបន្ទាប់ពី អនុប្រធានកិត្តិយសទាំងពីរនេះ នៃក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ តំណាងលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានបន្តសកម្មភាព ក្នុងការចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋជាជនពិការខ្វះខាតងាយរងគ្រោះចំនួន៥គ្រួសារផ្សេងទៀត ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។

ជាកិច្ចស្វាគមន៍ក្នុងសកម្មភាពមនុស្សធម៌ របស់អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនេះដែរ, លោកស្រី អាន ផល្លា ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្រីក្រ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

លើសពីនេះ លោកស្រីអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ក៏បានលើកឡើងផងដែរថា ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាដែលក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះ តែប្រជាពលរដ្ឋ មានជីវភាពខ្វះខាតប៉ុណ្ណោះ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃ ឬមានផ្ទុកមេរោគជាដើម ដែលជាការចង្អុលបង្ហាញចំគោលដៅ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

នាឱកាសប្រគល់ និងទទួលអំណោយមនុស្សធម៌ តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា សង្កាត់-ខណ្ឌ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ជាមួយសហការីនេះផងដែរ, ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់កំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជាកំលុងពេលជម្ងឺកូវីដ១៩ កំពុងតែរីករាតត្បាត។

សូមជម្រាបថា នូវកំលុងពេលជម្ងឺកូវីដ១៩ កំពុងតែរាតត្បាតលើពិភពលោក, អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា តំណាងលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅតែបន្តសកម្មភាពក្នុងការចុះសួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋជាជនពិការខ្វះខាតដែលងាយរងគ្រោះចំនួន៥គ្រួសារ ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០៕