(កណ្ដាល)៖ បញ្ហានៃការមិនបើកប្រាក់ខែជូនកម្មករ-កម្មការិនី នៅរោងចក្រកាត់ដេរ «ថៃយ៉ា ហ្គាមេន អ៊ិនដាសស្រ្ទៀល ខូអិលធីឌី» ស្ថិតនៅស្រុកពញ្ញាឮ ត្រូវបានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចុះទៅសម្របសម្រួលដល់ទីតាំងរោងចក្រតែម្ដង ដោយបានដាក់គោលការណ៍ច្រើនចំណុចឲ្យខាងភាគីរោងចក្រគោរព និងអនវត្តន៍ឲ្យបានល្អ។

ស្ថិតនៅក្នុងកិច្ចប្រជុំជាមួយភាគីរោងចក្រ នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយមានសមាភាពចូលរួមពីមន្ត្រីពាក់ព័ន្ធ រាប់ពីក្រសួងផងដែរនោះ, លក្ខខណ្ឌ៥ចំណុច ត្រូវបានឯកភាពដាក់ ឲ្យភាគីរោងចក្រដោះស្រាយ ឲ្យបានល្អរួមមាន៖

*ទី១៖ ភាគីក្រុមហ៊ុន នឹងបើកប្រាក់ឈ្នួលចុងក្រោយ ដែលមិនទាន់បានបើកជូនដល់កម្មករ និយោជិតទាំងអស់។
*ទី២៖ ភាគីក្រុមហ៊ុន នឹងបើកប្រាក់ឈ្នួល ការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់។
*ទី៣៖ ភាគីក្រុមហ៊ុន នឹងបើកប្រាក់ដំណាច់រំលឹកអតីភាពការងារ និងប្រាក់បំណាច់អតីតភាពការងារ ឆ្នាំ២០២០។
*ទី៤៖ ភាគីក្រុមហ៊ុន នឹងផ្តល់ប្រាក់សម្រាប់ជប់លៀងលាគ្នា ចំនួន៣៥% នៃប្រាក់ខែគោល តាមការសន្យាជាមួយកម្មករ និយោជិតកន្លងមក។
*ទី៥៖ ក្រុមហ៊ុន នឹងបិទផ្សាយបញ្ជីបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ និងបើកផ្តល់ជូនកម្មករនិយោជិត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។

ក្រោយដំណោះ ត្រូវបានលោកអភិបាលខេត្ត ដោះចេញរួចមក សម្រែកសាទរ និងការទះដៃបានលាន់រំពងបន្លឺឡើងយ៉ាងក្លៀវក្លា និងបានបង្ហាញពីស្នាមញញឹម សើចសប្បាយរីករាយអស់ពីចិត្ត ចេញពីទឹកមុខក្រុមកម្មករ-កម្មការិនីទាំងអស់ប្រមាណ៨០០នាក់ ដែលនេះសបញ្ជាក់ ឲ្យឃើញពីសមត្ថភាពដ៍អស្ចារ្យរបស់លោក គង់ សោភ័ណ្ឌ ដែលបានដោះស្រាយទុក្ខកង្វល់របស់ពលរដ្ឋ ដែលនេះជាសញ្ញាណល្អនៃការទទួលបានការគាំទ្រ រឹតតែខ្លាំងឡើងចំពោះមន្ត្រីគណបក្សប្រជាជន ដ៍មានប្រជាប្រិយភាពគឺលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។

សូមជម្រាបជូនថា ក្រុមហ៊ុន ថៃយ៉ា ហ្គាមេន អ៊ិនដាសស្រ្ទៀល ខូអិលធីឌី បានដាក់លិខិតសុំព្យួរការងារអស់ រយៈពេលពីរខែម្តងរួចហើយ ក្រោយមកបានបិទសង្វាក់ផលិតកម្ម និងសុំបញ្ចប់កិច្ចសន្យាការងាររបស់កម្មករ និយោជិតកាលពីថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២០ ថ្មីៗនេះ៕