(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន២២៨គ្រួសារ ស្ថិតនៅឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកបន្ដទៀតថា ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ នៅមូលដ្ឋាន ព្រោះឥទ្ធិលជំងឺកូវីដ-១៩ បានបណ្ដាលឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូន ក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូន បានមួយរយៈពេលប៉ុណ្ណោះ ហើយរដូវវស្សាបានឈាន ចូលមកដល់ហើយ ត្រូវរួសរាន់ត្រៀមលក្ខណៈបង្កបង្កើនផល ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារយើង និងត្រូវចេះប្រុងប្រយ័ត្នចំពោះសុខភាព ក៏ដូចជាការរកទីសុវត្ថិភាព ដើម្បីការពារខ្លួនពីផ្គររន្ទះ ដែលអាចកើតឡើងជាយថាហេតុ។

លោកអភិបាលខេត្ត បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួម ទូទាំងសកលលោកនាពេលនេះឡើយ ទោះបីចំនួនអ្នកឆ្លងនៅក្នុង ប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ-១៩ សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង។

លោកអភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តឲ្យបានជាប្រចាំនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំ ដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស ឲ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាជាដើម។

សូមជម្រាបថា អំណោយដែលបានផ្ដល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងថវិកាម៣ម៉ឺនរៀល។ ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាន ក៏បានប្រគេនទេយ្យទាន ដល់ព្រះគ្រូចៅអធិការវត្តអង្គខ្មៅ រួមមានអង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រីទឹកស៊ីអ៉ីវ១យួរ នំធុង ១ធុង ប្រេងឆា១ដប ទឹកដោះគោ១កំប៉ុង និងថវិកា២០០,០០០ម៉ឺនរៀល។

បន្ទាប់ពីកម្មវិធីចែកអំណោយរួច ព្រះគ្រូបវិត្តសីលោ ជួន គឹមហេង ព្រះគ្រូចៅអធិការ វត្តអង្គខ្មៅ បានប្រគល់ទេយ្យទាន ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ រួមមានអង្ករ៦០០គីឡូក្រាម មី២១កេសតូច ត្រីខត្រីទឹកស៊ីអ៉ីវ១២យួរ ត្រីខ១កេសធំ និងថវិកា១,២០០,០០០រៀល។ សម្រាប់ឲ្យសាខាធ្វើសកម្មភាពការងារមនុស្សធម៌៕