(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជពិការ បានស្វាគមន៍ការសហការជាមួយ អង្គការជនពិការអន្តរជាតិ ប្រចាំនៅកម្ពុជា ដើម្បីរួមគ្នាអនុវត្តគម្រោងធ្វើឲ្យប្រសើរឡើង នូវការទទួលបានសេវាកម្មប្រកបដោយគុណភាព និងបរិយាបន្ន សម្រាប់ទាំងអស់គ្នារួមទាំងស្ត្រី និងជនមានពិការភាព ក្រោមជំនួយឧបត្ថម្ភរបស់កម្មវិធី Access។

លោក ឯម ច័ន្ទមករា បានទទួលស្វាគមន៍លើគម្រោងនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោកស្រី អេឌីធ វីញង៉ាឌិន ( Edith van Wijngaarden) ប្រធានគ្រប់គ្រងប្រចាំប្រទេសអង្គការជនពិការអន្តរជាតិ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅភោជនីយដ្ឋានឌឹដ្រាម។

បន្ថែមពីលើនេះ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើឱ្យអង្គការជនពិការអន្តរជាតិ ពិនិត្យលទ្ធភាពបង្កើត App សម្រាប់ផ្តល់ព័ត៌មានសេវាកម្ម សម្រាប់ជនមានពិការភាពអាចងាយស្រួលទទួលបានការផ្តល់សេវា។ ការបង្កើត App នេះនឹងជួយឱ្យជនមានពិការភាពងាយស្រួយ ស្វែងរកកន្លែងដែលផ្តល់សេវាដល់ពួកគាត់ ក៏ដូចជាព័ត៌មានថ្មីៗ សម្រាប់ជនមានពិការភាព។

ជាមួយគ្នានោះ លោកស្រី អេឌីធ វីញង៉ាឌិន ( Edith van Wijngaarden) ប្រធានគ្រប់គ្រងប្រចាំប្រទេស អង្គការជនពិការអន្តរជាតិ បានសម្តែងក្តីរីករាយចំពោះកិច្ចសហការ ដែលនឹងត្រូវអនុវត្តជាមួយអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ នាពេលខាងមុខ ដើម្បីជាការរួមចំណែកសម្រេចឱ្យខានតែបាន នូវការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣។

គួរបញ្ជាក់ផងដែរថាកន្លងមក អង្គការជនពិការអន្តរជាតិ បានចូលរួមសហការជាមួយនឹងក្រុមការងារក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងការកសាងបទដ្ឋានបច្ចេកទេសដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលមក តាមរយៈប្រកាសអន្តរក្រសួងរវាងក្រសួងដែនដី នរគរូបនីយ៍កម្ម និងសំណង់ ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕