(ព្រះវិហារ)៖ ដើម្បីរួមចំណែកថែរក្សា អភិរក្ស និងបង្កើតគម្របព្រៃបៃតង និងដើម្បីចូលរួមអបអរសារទរពិធីបុណ្យរុក្ខទិវា ៩កក្កដា លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីរាជការនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ផ្នែករដ្ឋបាលព្រៃឈើ សង្កាត់រដ្ឋបាល ព្រៃឈើ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន នៅស្រុកគូលែន និងប្រជាសហគមន៍ជាច្រើនរូប បានចូលរួមដាំកូនឈើ ១២,៧០០ដើម នៅក្នុងសហគមន៍ព្រៃឈើ ពោធិមែកបួន ស្ថិតក្នុងភូមិព្យួរជ្រូក ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។

លោក ពឹង ទ្រីដា បានថ្លែងថា ការដាំដើមឈើឡើងវិញឱ្យបានច្រើនគឺជាផ្នែកមួយនៃការកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ ក៏ព្រោះតែព្រៃឈើមួយចំនួនត្រូវបាន​រិចរិលដោយសារការកាប់បំផ្លាញរបស់មនុស្ស ហើយចំពោះកូនឈើដែលដាំក្នុងថ្ងៃនេះមានប្រភេទឈើធ្នង់ ឈើបេង ឈើអង្កាញ់ ស្តៅរងទឹក សណ្តាញ់ ដែលត្រូវដាំ​លើផ្ទៃដី ២០ហិកតា។

លោក ពឹង ទ្រីដា បានបន្តទៀតថា ព្រឹត្តិការណ៍នេះបានរួមចំណែកក្រើនរំលឹកឲ្យមានការចូលរួមពីគ្រប់សមាសភាគីទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាយុវជនជំនាន់ ក្រោយៗឲ្យចេះស្រឡាញ់ដើមឈើពីព្រោះថា នៅប្រទេសកម្ពុជាមានដើមឈើច្រើនប្រភេទ ដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាអភិរក្ស។

ជាមួយគ្នានេះដែរលោក ពឹង ទ្រីដា ក៏បានធ្វើការអំពាវឱ្យប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាបរិស្ថាន និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា ហើយត្រូវស្រឡាញ់ និងអភិរក្ស ធនធានធម្មជាតិ ព្រៃឈើសម្រាប់មនុស្សជាតិគ្រប់ជំនាន់ផងដែរ៕