(ឧត្តរមានជ័យ)៖ អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន៣នាក់ទៀតហើយ ឱ្យមកអាជ្ញាធរកម្ពុជាវិញ តាមច្រកអន្តរជាតិជាំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បន្ទាប់ពីពួកគេត្រូវសមត្ថកិច្ចថៃចាប់ឃុំខ្លួនជិត២ឆ្នាំ នៅខេត្តឧប៊ុន ប្រទេសថៃ ពីបទឆ្លងដែនខុសច្បាប់។

តាមរបាការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ឱ្យដឹងថា នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរ ចំនួន៣នាក់ តាមច្រកអន្តរជាតិជាំ ដែលត្រូវទាហានថៃចាប់ខ្លួន កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ពីបទឆ្លងដែនចូលកាប់ឈើគ្រញូង ចូលតាមច្រកអានសេះ និងបានយកទៅឃុំខ្លួននៅខេត្តឧប៊ុន ប្រទេសថៃ។

ពលរដ្ឋខ្មែរទាំង៣នាក់រស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័ និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្រោយពីបានស្គែនកំដៅស្វែងរកជំងឺកូវីដ១៩ និងសម្អាតខ្លួនប្រាណដោយទឹកអាល់កុលរួចមក សមត្ថកិច្ចបានធ្វើការអប់រំណែនាំ ឱ្យបញ្ឈប់ការឆ្លងដែនដោយខុសច្បាប់ទៀត និងបានឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕