(ភ្នំពេញ)៖ អគ្គិភ័យឆេះផ្ទះលក់គ្រឿងសង្ហារឹមធំមួយកន្លែង យីហោ «រ៉ូយ៉ាល់ កាសា គ្រឿងសង្ហារឹម» មានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស ស្ថិតក្នុងក្រុមទី២ ភូមិ១ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ សមត្ថកិច្ចបានគ្រប់គ្រងទាំងស្រុងហើយ នៅវេលាម៉ោងជិត១ថ្ងៃត្រង់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្នុងប្រតិបត្តិការសង្គ្រោះករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់ទឹកអស់ ប្រមាណជាង១២០ឡាន ទើបអាចគ្រប់គ្រងពន្លត់បានទាំងស្រុង មិនឲ្យរីករាលដាលឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត បានបញ្ជាក់ថា រថយន្ដដែលប្រើប្រាស់ដើម្បីសង្គ្រោះនេះ រួមមាន៖

* រថយន្តការិយាល័យអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៩០ឡាន ស្មើនឹង៣៦០ម៉ែត្រគូប
* រថយន្តក្រសួងមហាផៃ្ទ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៨ឡាន សើ្មនឹង៣២ម៉ែត្រគូប
* រថយន្តទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន សើ្មនឹង៦០ម៉ែត្រគូប
* រថយន្តទីក្រុងជ្រោយចង្វារ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២ឡាន សើ្មនឹង១២០ម៉ែត្រគូប
* រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន សើ្មនឹង១៨ម៉ែត្រគូប។

បើតាមនាយការិយាល័យពន្លត់អគ្គិភ័យរូបនេះ ក្នុងហេតុការណ៍អគ្គិភ័យនេះ ក៏បានបណ្ដាលឲ្យជនជាតិចិន ២នាក់រងគ្រោះថ្នាក់ផងដែរ ប៉ុន្ដែមិនធ្ងន់ធ្ងរនោះទេ ខណៈទំហំនៃការខូចខាត និងមូលហេតុ លោកមិនទាន់អាចបញ្ជាក់ឲ្យដឹងនៅឡើយទេ ពោលកំពុងស្រាវជ្រាវបន្ដទៀត៕