(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ទទួលបានម៉ាស៊ីនទំនើប និងឧបករណ៍ធ្វើតេស្ត រកមេរោគកូវីដ-១៩ ពីណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើល។ បរិក្ខារទាំងនោះ រួមមាន៖ ម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន១គ្រឿង និងឧបករណ៍ធ្វើតេស្ត រកមេរោគកូវីដ-១៩ ចំនួន៦,៤០០ឈុត។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា «ក្នុងកំលុងពេលនៃការឧបត្ថម្ភលើកទី១ ដែលមានឧបករណ៍បង្ការ មេរោគកូវីដ-១៩ និងកុំព្យូទ័រយួរដៃ របស់ណាហ្គាវើលដ៍បេះដូងសប្បុរស យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយបានលឺថា ណាហ្គាវើលដ៍សន្យាផ្តល់ម៉ាស៊ីន ធ្វើតេស្តរកមេរោគកូវីដ-១៩ ថ្មី១គ្រឿង និងឧបករណ៍ធ្វើតេស្តរកមេរោគ រាប់ពាន់ឈុតមកដល់ក្រសួង»

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានបន្ថែមទៀតថា ការធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតែជាការងារដ៏មានសារសំខាន់បំផុតរបស់យើង ក្នុងការទប់ស្កាត់រោគរាតត្បាត ហើយម៉ាស៊ីនទំនើបថ្មី និងឧបករណ៍ធ្វើតេស្តទាំងនេះ នឹងជួយដល់ការងារប្រចាំថ្ងៃ របស់យើងបន្ថែមទៀត។ តាងនាមឲ្យប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសនេះ។

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានឲ្យដឹងថា ម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ-១៩នេះ គឺជាម៉ាស៊ីនបច្ចេកវិទ្យាទំនើបមួយ ដែលអាចឲ្យ ក្រសួងសុខាភិបាល ប្រើប្រាស់ដើម្បីចម្រាញ់ និងពង្រីកសំណាក DNA តូចៗ ដើម្បីងាយធ្វើតេស្តរកមេរោគកូវីដ-១៩ ឲ្យបានលឿន។ ជាមួយនឹងគ្រឿងបរិក្ខារធ្វើតេស្ត ទាំងនេះ វានឹងជួយឲ្យគ្រូពេទ្យជួរមុខរបស់យើង អាចធ្វើតេស្តរកមេរោគ បានយ៉ាងឆាប់រហ័ស។

គូសបញ្ជាក់ថា ការឧបត្ថម្ភលើកនេះ គឺជាលើកទី២ បន្ថែមទៅលើការឧបត្ថម្ភលើកទី១ ដែលមានកុំព្យូទ័រយួរដៃ៥គ្រឿង និងជែលលាងដៃ៥០០ដប ដែលសរុបទាំង២លើកនេះ មានទឹកប្រាក់សរុប ប្រមាណ៤៧,៤០០ដុល្លារអាមេរិក៕