(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះថា ចំពោះការរៀបចំសណ្តាប់ធ្នាប់នៅផ្សារវាលយន្ត ក្រុងស្វាយរៀង អាជ្ញាធរបានធ្វើជាញឹកញាប់ណាស់មកហើយ ប៉ុន្តែក្រុមអាជីវករមិនសូវសហការជាមួយអាជ្ញាធរសោះ ដូច្នេះក្នុងនាមអាជ្ញាធរនឹងចាប់ផ្តើមប្រើធម៌ក្តៅ ចំពោះអាជីវករទាំងឡាយណានៅតែបំពានយកផ្លូវសាធារណៈធ្វើជាកន្លែងលក់ដូរ។

លោក សរ សុដានី បានបញ្ជាក់យ៉ាងដូចនេះ បន្ទាប់ពីប្រជាពលរដ្ឋដែលធ្វើដំណើរមកផ្សារវាយន្ត ខេត្តស្វាយរៀង ដើម្បីទិញម្ហូបអាហារមានការរអ៊ូរទាំចំពោះក្រុមអាជីវករ មួយចំនួនដែលយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរគ្មានសណ្ដាប់ធ្នាប់ នាំឲ្យកកស្ទះចរាចរណ៍នៅចំណុចផ្លូវខាងលិចផ្សារ។

លោក សរ សុដានី បានបន្តថា រដ្ឋបាលក្រុងស្វាយរៀង ក៏បានអំពាវនាវដល់បងប្អូន អាជីវករទាំងអស់សូមចូលរួមអនុវត្តតាមសេចក្ដីណែនាំរបស់រដ្ឋបាលសាលាក្រុង ដើម្បីឱ្យមានរបៀបរៀបរយ និងសោភ័ណ្ឌភាពផ្សារ និងក្រុងស្វាយរៀងទាំងអស់គ្នាផងដែរ។

លោកបានបន្ថែមថាក្នុង ករណីដែលបងប្អូនប្រជាពលរដ្ឋ និងអាជីវកមិនចូលរួមអនុវត្តតាមខ្លឹមសារណែនាំនេះ សមត្ថកិច្ចព្រមទាំងអាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការរុះរើ យកសម្ភារៈ និងទំនិញផ្សេងៗចេញពីទីតាំងដែលបានកំណត់ និងមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់អ្វីឡើយ៕