(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បញ្ជាឲ្យក្រុមការងារចុះត្រួតពិនិត្យជាក់ស្ដែងលើទីតាំងខារ៉ាអូខេ (KTV) ជាបន្តបន្ទាប់ចំនួន ៤ទីតាំងផ្សេងៗគ្នា ដែលត្រូវប្រែក្លាយទៅ ជាភោជនីយដ្ឋាន តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ COVID-19។

សកម្មភាពចុះត្រួតពិនិត្យជាក់ស្ដែងលើទីតាំងខារ៉ាអូខេ (KTV) ដែលត្រូវប្រែក្លាយទៅជាភោជនីយដ្ឋានចំនួន៤ទីតាំងផ្សេងៗគ្នា របស់ក្រុមការងារនៃរដ្ឋបាលខណ្ឌឫស្សីកែវនេះ ដឹកនាំផ្ទាល់ដោយលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងបានធ្វើឡើងនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ចាប់ពីម៉ោង០៧៖៣០នាទីនារាត្រីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។

ក្រៅពីក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ចុះពិនិត្យជាលទ្ធផលជាក់ស្ដែងរកឃើញថា ក្នុងចំណោមទីតាំងខារ៉ាអូខេ (KTV) ចំនួន៤កន្លែង នៅសង្កាត់ស្វាយប៉ាក ដែលមាន៣កន្លែង បើកដំណើរការជាធម្មតា ហើយ១កន្លែងផ្សេងទៀត ពិតជាមិនបានបើកដំណើរការឡើយ ដោយមានលក្ខណៈជាភោជនីយដ្ឋាន តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនេះក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ក៏បានណែនាំបន្ថែមទៀតដល់ម្ចាស់ទីតាំងអាជីវកម្មខារ៉ាអូខេ (KTV) ទាំង៣កន្លែង ដែលកំពុងបើកដំណើរការ ឲ្យចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ ការបង្ការ និងការការពារ ជម្ងឺកូវដ១៩ ឲ្យបានល្អប្រសើរ៕