(រតនគិរី)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សហការជាមួយនគរបាលចរាចរណ៍ខេត្ត នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានបន្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋនៅភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ដើម្បីបញ្ញាក់ស្មារតីដល់បងប្អូន ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់។

លោក ផា ថា ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានដឹកនាំយុទ្ធនាការនេះបានលើកឡើងថា យុទ្ធនាការធ្វើឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយអប់រំណែនាំ ដល់អ្នកបើកបរយានយន្តឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេលបើកបរធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

លោកបន្ដថា យុវជនដែលបានចូលរួមឆ្លើយសំណួរ នៅក្នុងយុទ្ធនាការនេះបានយល់ដឹងច្បាស់អំពីចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃនៅទូទាំងប្រទេស និងមូលហេតុការស្លាប់អ្នកទាំងនោះផងដែរ។ តាមរយៈចំណេះដឹងបន្ថែមពីយុទ្ធនាការនេះដែរ បងប្អូននឹងបន្ថែមការការពារ និងប្រុងប្រយ័ត្ននៅពេលបើកបរ និងបន្ត ផ្សព្វផ្សាយដល់អ្នកដ៏ទៃទៀតឲ្យបានយល់ដឹងផងដែរ។

សូមបញ្ជាក់ថា នៅក្នុងយុទ្ធនាការនេះបានប្រើប្រាស់សម្ភារ និងឯកសារមួយចំនួនមាន មួកសុវត្ថិភាព៦៥មួក ក្នុងនោះក្រុមហ៊ុនស្រាបៀហ្គេនប៊ឺត បានឧបត្ថម្ភ១៥មួក សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក១៥០ក្បាល សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តគួរយល់ដឹង៥០ក្បាល, ខិតបណ្ណជំនួយស្មារតីស្តីពី សុវត្ថិភាពចរាចរណ៍ ផ្លូវគោក១៥០សន្លឹក, ស្ទីកឃ័រចំណាំងផ្លាត៥០សន្លឹក, ស្ទីកឃ័រថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍៥០សន្លឹកផងដែ។

នៅក្នុងយុទ្ធនាការនេះដែរ បានចែកជូននូវឯកសារពាក់ព័ន្ធ និងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងរៀបចំកម្មវិធីសួរ និងឆ្លើយ សំណួរពាក់ព័ន្ធនឹងច្បាប់ ចរាចរណ៍ផ្លូវគោក ដើម្បីទទួលបានមួកសុវត្ថិភាពជារង្វាន់ផងដែរ៕