(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ស្អែកនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញជាអធិបតីភាពប្រារព្ធពិធីខួបលើកទី២៧ នៃថ្ងៃបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២០)។

នៅក្នុងពិធីរំលឹកខួប២៧ឆ្នាំ នៃការបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេសនេះដែរ កងរាជអាវុធហត្ថ នឹងមានការបញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ដើម្បីជាការអបអរដល់ថ្ងៃបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣-១៤កក្កដា ២០១៩ ផងដែរ។

កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ។កងរាជអាវុធហត្ថមានតួនាទី និងភារកិច្ចថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសង្គ្រោះប្រជាពលរដ្ឋ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅ ការពារកិត្តិយស និងផលប្រយោជន៍យោធា និងផ្តល់កម្លាំងគាំទ្រ ក្រសួង ស្ថាប័ន ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់។ មានវិសាលភាពលើផ្ទៃប្រទេសទាំងមូលទៅលើយោធាក្នុងជួរកងទ័ព និងលើពលរដ្ឋស៊ីវិលថែមទៀតផងនេះ៕