(រតនគិរី)៖ មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី បានរៀបចំពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មចុងសប្តាហ៍មានចំនួន ២០ស្តង់ រយៈពេល២ថ្ងៃចាប់ថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី នៅភូមិពាណិជ្ជកម្ម សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ពិធីសម្ពោធបានរៀបចំឡើងក្រោមវត្តមានលោក ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក យឹម ផែន អភិបាលរងខេត្តរតនគិរី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូអម ដំណើរតំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត និងតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងអង្គការសង្គមស៊ីវិលជាច្រើនរូបទៀត។

ក្នុងពិធីសម្ពោធពិព័រណនេះ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណលោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់ការអនុញ្ញាត និងគាំទ្រដល់ការរៀបចំតាំងពិព័រណ៍ ពាណិជ្ជកម្មផលិតផលខ្មែរ ចុងសប្តាហ៍ឲ្យដំណើរការយ៉ាងរលូន និងទទួលបានលទ្ធផលល្អប្រសើរ។ ទន្ទឹមនឹងនេះដែរ លោកក៏បានថ្លែងអំណរគុណចំពោះបងប្អូនអាជីករ សេវាករ ក្នុងខេត្តដែលបានជួយគាំទ្រ និងសហការល្អ ជាមួយមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី រួមនឹងរដ្ឋបាលក្រុងបានលុងបានរៀបចំព្រឹត្តការណ៍តាំងពិព័រណ៍ពាណិជ្ជកម្មខេត្តរតនគិរី។

លោក ប៉ាវ ហេងតារា បានគូសបញ្ជាក់ថា ការរៀបចំផ្សារចុងពិព័រណ៍សប្តាហ៍នេះ ជាគោលបំណងផ្សព្វផ្សាយអំពីគម្រោង AIMS ជាពិសេសគឺចង់លើកតម្កើងផលិតផលកសិកម្មខ្មែរ ដែលបានការគាំទ្រដោយផ្ទាល់ និងប្រយោលពីគម្រោងនេះ។ ពិព័រណ៍នេះក៏មានគោលបំណងកៀរគរស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនកិច្ចសហការ និងបន្ស៉ីគ្នា ក្នុងគោលដៅជំរុញខ្សែចង្វាក់តម្លៃ ដែលគាំទ្រដោយគម្រោង និងដើម្បីបង្កើតឱកាសសម្រាប់ចង្កោម/ក្រុមកសិករផលិតករ ធ្វើការផ្សារភ្ជាប់ជាមួយឈ្មួញ អ្នកប្រមូលទិញធំៗក្នុងតំបន់ និងក្រៅតំបន់ ដើម្បីសហការគ្នាក្នុងគោលបំណងឆ្លើយតបតម្រូវការទីផ្សារ និងការបង្កើនផលិតភាព និងផលិតកម្ម។

លោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា នៅក្នុងអំឡុងពេល២ថ្ងៃនេះគេអាចទិញសាច់មាន់ស្រែ, បន្លែស្រស់, អង្ករគ្មានគីមី និងផលិតផលផ្សេងទៀត ដែលផលិតផ្ទាល់ដោយពីក្រុមកសិករផលិតសហគមន៍កសិកម្ម និងបណ្តាក្រុមហ៊ុនពាក់ព័ន្ឋមួយចំនួនទៀត នៅក្នុងខេត្តរតនគិរី ក្នុងតម្លៃសមរម្យផងដែរ។

ប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរីលោក ខៀវ ថា បានប្រាប់អោយដឹងថា ការតាំងពិព័រណ៌ពាណិជ្ជកម្មនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ២០២០ ដោយមានអាជីវករចូលរួមសរុបប្រមាណ ២០ស្តង់ ត្រូវបានដាក់តាំងបង្ហាញនូវផលិតផលជាច្រើនប្រភេទ ដែលប្រកបទៅដោយគុណភាព និងសុវត្ថិភាពដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ តម្រូវការអ្នកប្រើប្រាស់ទាំងក្នុងនិងក្រៅខេត្ត។

លោកប្រធានមន្ទីរពាណិជ្ជកម្មរូបនេះបញ្ជាក់ឲ្យដឹងទៀតថា ផ្សារចុងសប្តាហ៍នេះ គឺអនុញាត្តិឲ្យក្រុមអាជីវករលក់ដូរ២ថ្ងៃ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដោយមិនគិតកម្រៃហើយមានការលើកទឹកចិត្តឲ្យពួកគាត់ម្ចាស់តូបលក់ទាំងអស់ខាងលើក្នុង១ថ្ងៃម្ចាស់តូបទទួលថវិកាពីមន្ទីរចំនួន២ម៉ឺនរៀលថែមទៀតផងដែរ៕