(កំពង់ធំ)៖ ប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដ ទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩ ក្នុងនោះប្រជាពលរដ្ឋក្រីក្រជាង៣ពាន់គ្រួសារ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ កំពុងតែទទួលបានសាច់ប្រាក់ពីរដ្ឋាភិបាលកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២០ ក្នុងរង្វង់ទឹកប្រាក់ប្រមាណជិត៦០០លានរៀល។

លោក អួង សារឿន អភិបាលស្រុក បានលើកឡើងថា ស្រុកបារាយណ៍មានគ្រួសារប្រមាណ ២៦,០០០គ្រួសារ ហើយមានប្រជាពលរដ្ឋជាង១២ម៉ឺននាក់ មានឃុំចំនួន១០ ភូមិចំនួន៩៧ភូមិ។

លោកបន្តថា «មកដល់ពេលនេះក្នុងចំណោមគ្រួសារជាង ២៦,០០០គ្រួសារនេះ ស្រុកបារាយណ៍ទាំងមុន និងទាំងក្រោយ យើងរកឃើញថាមានប្រជាពលរដ្ឋក្រីក្រដល់ទៅចំនួន ៣,៩៤៨គ្រួសារ ក្នុងនោះគឺមានក្រ១ចំនួន ១,៥៦៧គ្រួសារ និងក្រ២ចំនួន ២,៣៨១ គ្រួសារ ក្នុងចំណោមនេះគឺមកដល់ពេលនេះ យើងបានដកសាច់ប្រាក់ក្រោមការឧបត្ថម្ភរបស់សម្ដេចតេជោនោះជូន ៣,៤៣៥គ្រួសារហើយ គឺស្មើនឹងទឹកប្រាក់ចំនួន ៥៨៤,៥៤៣,០០០រៀល»

លោកបានបន្តទៀតថា នៅសល់ជាង៥០០គ្រួសារទៀត ដែលកំពុងតែដំណើរការបច្ចុប្បន្នទាំងថ្ងៃសៅរ៍-អាទិត្យ ដើម្បីធ្វើការបើកសាច់ប្រាក់ជូនពួកគាត់ផងដែរ»។

ជាចុងក្រោយ លោកបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែគិតគូរអំពីសុខទុក្ខ និងគិតគូអំពីផលលំបាកដល់ប្រជាពលរដ្ឋ នៅគ្រប់កន្លែងក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរលោក ហ៊ី ប៊ុនថាន មេឃុំបល្ល័ង្ក បានលើកឡើងថា ក្នុងដំណាក់ការកូវីដ១៩នេះ ក្នុងនាមអាជ្ញាធរឃុំបានជ្រើសរើស និងផ្តល់ជូនគាត់មិនមានប្រកាន់បក្ខពួកគ្រួសារ និងមិនប្រកាន់និន្នាការនយោបាយនោះទេ គឺផ្តល់ដល់បងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ។ សម្រាប់ប្រជាពលរដ្ឋដែលមានភាពខ្វះខាតមានការសប្បាយចិត្តយ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាលបានផ្ដល់សាច់ប្រាក់ជូនពួកគាត់ ហើយប្រជាពលរដ្ឋទាំងអស់បានបួងសួងឲ្យសម្តេចតេជោមាន សុខភាពល្អ និងមានអាយុវែងបន្តដឹកនាំប្រទេសតទៅមុខទៀត៕