(កោះកុង)៖ ជាប់ឈ្មោះល្បីជាឋានកិន្នរខេត្តពណ៌បៃតងនៃភាគនិរតីរបស់កម្ពុជា ជាទឹកដីស្តុកស្តម្ភជាងគេ ដោយសម្បត្តិធម្មជាតិគ្រប់ប្រភេទនៅម្ខាងមានភ្នំ នៅម្ខាងទៀតមានសមុទ្រ បូកបន្ថែមទៅលើសក្តានុពលអភិវឌ្ឍន៍ជាច្រើនទាំងសម្រាប់វិស័យសេដ្ឋកិច្ច ថាមពល រ៉ែទាំងក្រោមដី ក្រោមសមុទ្រ អនាគតកំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះខ្នាតអន្តរជាតិ នោះជាខេត្តកោះកុង។

មួយវិញទៀតខេត្តដទៃទៀតមិនមាននោះ គឺសមុទ្រឈើខេត្តកោះកុង ដែលមានតំបន់ការពារធម្មជាតិចំនួន១០កន្លែង គ្របដណ្តប់លើផ្ទៃដីសរុបជាង១លានហិកតា គឺជាមេដែកដ៏សំខាន់ក្នុងការ ស្រូបយក ភ្ញៀវទេសចរឱ្យមកទស្សនា។

តំបន់ការពារធម្មជាតិចំនួន១០តំបន់នោះរួមមាន៖ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង, ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល, ដែនជម្រកសត្វព្រៃតាតៃ, របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ (ជួរភ្នំក្រវាញ), ឧទ្យានជាតិសមុទ្រកោះរ៉ុង, ឧទ្យានជាតិបុទុមសាគរ, តំបន់ប្រើប្រាស់ច្រើនយ៉ាង, ដងពែង, ដែនជម្រកសត្វព្រៃពាមក្រសោប, តំបន់រ៉ាមសារ, កោះកាពិ និងដែនជម្រកសត្វព្រៃភ្នំសំកុស។

តំបន់ការពារធម្មជាតិទាំងនោះ បានផ្តល់នូវសារៈប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ការចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋានជាជម្រកសម្រាប់សត្វ និងមនុស្សការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសធនធានធម្មជាតិទាំងនេះ បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈសេវាកម្មទេសចរណ៍ធម្មជាតិ និងកំពុងរក្សាលំនឹងបរិស្ថាន ធម្មជាតិក្នុងតំបន់ ជាពិសេសព្រៃកោងកាង និងព្រៃរងទឹកភ្លៀងតាមជួរភ្នំក្រវាញភាគខាងត្បូង។

បើងាកទៅមើលមួយផ្នែកតូចនៃខេត្តកោះ ស្ថិតនៅសហគមន៍អេកូទេសចរណ៍ជីផាត ក្នុងឃុំជីផាត ស្រុកថ្មបាំងឯណោះ មានកន្លែងស្រស់ស្អាតគួរឱ្យចង់ទស្សនាកម្សាន្តចំនួន១៥កន្លែង ក្នុងនោះរួមមាន៖ មើលថ្ងៃលិច មើលអំពិលអំពែកនាពេលយប់ និងជិះទូកចាក់បង្កងនៅតាមដងព្រែកជីផាត ផ្នូរបុរាណ និងពាងបុរាណ ដែលមានអាយុកាលជាង៥០០ឆ្នាំ រូងប្រចៀង អូរទឹកវេទ អូរពាមក្រវាញ អូរក្រូច អូរម្លូ វាលប្រាក់ វាលមាស ត្រពាំងកិត ដំណាក់ខុស ភ្នំត្រងោល ឆាយខ្ពស់ ឆាយជ្រៃជាដើម។

បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងឱកាសដឹកនាំក្រុមអ្នកសារព័ត៌មានចុះបំពេញបេសកកម្ម នៅតំបន់អភិរក្សធនធានធម្មជាតិក្រវាញខាត្បូង រយៈពេល២ថ្ងៃ កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា មុនពេលចាប់ផ្ដើមបើកទ្វារ សហគមន៍អេកូទេសចរណ៍ជីផាត គឺជាទីកន្លែងនៃការកាប់ឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ដើម្បីទ្រទ្រង់ជីវភាពរស់នៅដែលព្រៃឈើ និងសត្វព្រៃត្រូវបានទទួលរងនូវការបំផ្លិចបំផ្លាញ។ អាស្រ័យដោយមានការគាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ សហគមន៍ជីផាតបានអភិវឌ្ឍជីវភាពរស់នៅរបស់ខ្លួនប្រកបដោយនិរន្ដភាព ដែលអាចឱ្យសហគមន៍នេះបានរំដោះខ្លួនឆ្ងាយចេញពីការកាប់បំផ្លាញព្រៃឈើ ដើម្បីធ្វើកសិកម្មពនេចរ និងការបរបាញ់សត្វព្រៃ ហើយឥឡូវនេះបានងាកមកពឹងផ្អែកលើអេកូទេសចរណ៍ជាប្រភពចំណូលរបស់ខ្លួនវិញ។

ការការពារព្រៃឈើបានក្លាយជាមានសារៈសំខាន់ ជាអាយុជីវិតសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជីផាត ដោយសារតែភ្ញៀវទេសចរអន្ដរជាតិពីគ្រប់ទិសទីនៅជុំវិញពិភពលោក បានមកទស្សនាសត្វព្រៃដែលជាប្រភេទកំពុងរងគ្រោះស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ចំនួន៥៥ ប្រភេទ ដោយចំនួនភ្ញៀវមានរហូតដល់ ៣,០០០ នាក់ គឺគិតតែក្នុងឆ្នាំ២០១៩។

លោក ទូច សុផាន់នី ប្រធានគម្រោងសហគមន៍អេកូទេសចរណ៍ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ជាក់ថា បន្ទាប់ពីបង្កើតជាសហគមន៍អេកូទេសចរណ៍ជីផាត ចាប់តាំងពីឆ្នាំ២០០៧មក បានប្រែមុខមាត់តំបន់ដាច់ស្រយាលនេះយ៉ាងខ្លាំង គឺបានកាត់បន្ថយការធ្វើចំណាកស្រុក របស់ប្រជាពលរដ្ឋស្ទើរតែ១០០ភាគរយ ក៏ប៉ុន្តែក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ-១៩ តំបន់អេកូទេសចរណ៍ជីផាត នៅតែជាមុខព្រួញសម្រាប់ភ្ញៀវទេសចរជាតិ បើទោះបីភ្ញៀវបរទេសធ្លាក់ចុះបន្តិចក៏ដោយ។

លោក ទូច សុផាន់នី បានឱ្យដឹងថា ក្រោយបង្កើតជាសហគន៍មក ប្រជាពលរដ្ឋនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានងាកមកប្រកបរបរដាំដំណាំ នាំភ្ញៀវទេសចរដើរកម្សាន្ត និងប្រកបរបរផ្សេងៗទៀត ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរ។

ពាក់ព័ន្ធក្នុងរឿងនេះដែរ លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា តាមរយៈការបង្កើតតំបន់ជីផាត់ ឱ្យក្លាយជាកន្លែងអេកូទេសចណ៍នេះ ធ្វើឱ្យជីវភាពប្រជាជនសហគមន៍ បច្ចុប្បន្នផ្លាស់ប្តូរថ្មី ហើយប្រជាពលរដ្ឋដែលធ្លាប់ពឹងអាស្រ័យតែទៅលើការកាប់ព្រៃឈើ បរបាញ់សត្វក៏បានផ្លាស់ប្តូរមកប្រកបរបរបែបទេសចរណ៍វិញ។

លោកលោក អន សុវណ្ណ បានបន្តថា ប្រជាពលរដ្ឋក្នុងសហគមន៍បាននាំគ្នាចេះថែររក្សាបរិស្ថាន និងអនុវត្តអនាម័យល្អសំដៅធ្វើយ៉ាងឱ្យតំបន់ទីនេះ ក្លាយជាកន្លែងទេសចរណ៍យ៉ាងសំខាន់ ទាំងពេលបច្ចុប្បន្ន និងថ្ងៃអនាគត។

គួររម្លឹកថា កាលពីខែមេសាកន្លងទៅនេះ ក្រសួងបរិស្ថានទើបនឹងចុះបញ្ជីដីរដ្ឋនៅ តំបន់អភិរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង ដែលគ្រប់ដណ្តប់លើផ្ទៃដីសរុប ៤.៦៧២,៦១ហិកតា។ បច្ចុប្បន្នក្រសួងកំពុងសិក្សាលទ្ធភាពចុះបញ្ជីផ្ទៃដីកោះនៃកោះកុងក្រៅ ដែលជាកោះធំជាងគេនៅកម្ពុជា បញ្ចូលជាតំបន់ “«ឧទ្យានជាតិសមុទ្រ» ឱ្យបានត្រឹមឆ្នាំ២០២១៕