(ស្ទឹងត្រែង)៖ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនឆ្លងដែន ជនជាតិឡាវ ចំនួន២នាក់ រួមជាមួយថ្នាំញៀនជិត៦គីឡូក្រាម នៅចំណុចផ្លូវលំ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ។

ប្រតិបត្តិការ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ខាងលើនេះ អនុវត្តន៍តាមវិធានញុះញង់ ដែលមានកម្លាំងជំនាញ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាដោយឧត្ដមសេនីយ៍ យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង។

មេក្លោងជួញដូរគ្រឿងញៀន ជនជាតិឡាវ ២នាក់នេះ ឈ្មោះ ស៊ូ បាន់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិឡាវ មានទីលំនៅបច្ចុប្បន្ន ភូមិណាស៊ែងខាំ ស្រុកសៃ ខេត្តឧត្ដមសៃ ប្រទេសឡាវ និងឈ្មោះ ចាន់ ឌី ភេទប្រុស ជនជាតិឡាវ អាយុ៣១ឆ្នាំ ទីលំនៅភូមិភាងញ៉ា ស្រុកហ៊ុន ខេត្តឧត្ដមសៃ ប្រទេសឡាវ។

ក្នុងប្រតិបត្ដិនោះ កម្លាំងសមត្ថកិច្ច បានចាប់យកវត្ថុតាងថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន៦កញ្ចប់ ទម្ងន់សុទ្ធ៥៩៨៦,២៩ក្រាម៕