(កូរ៉េខាងត្បូង)៖ លោក ឡុង ឌីម៉ង់ អគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ បានចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ផាក វ៉ុនស៊ូន (Park Won-soon) អភិបាលក្រុងសេអ៊ូល ដែលបានស្លាប់ ដោយសង្ស័យថាមកពីការធ្វើអត្តឃាត។

លោកអភិបាល ផាក វ៉ុនស៊ូន (Park Won-soon) បានបាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានប៉ូលិសរកឃើញសពរបស់លោក កាលពីថ្ងៃសុក្រ ម្សិលមិញ។ ប៉ូលិសបានរកឃើញសាកសពរបស់លោក នៅលើភ្នំមួយឈ្មោះប៊ូកាក់ (Bukak) ដែលស្ថិតនៅក្បែរៗលំនៅឋានរបស់លោក។

មុនពេលស្លាប់ លោក Park Won-soon អាយុ៦៤ឆ្នាំ បានរងការចោទប្រកាន់ និងស៊ើបអង្កេត ពាក់ព័ន្ធនឹងទង្វើបៀតបៀនផ្លូវភេទ ទៅលើស្ត្រីម្នាក់ដែលជាអតីតមន្ត្រីក្រោមឱវាទរបស់លោក។ ស្ត្រីម្នាក់នោះបានបញ្ជូនពាក្យបណ្តឹងមួយទៅប៉ូលិស ដើម្បីរៀបរាប់អំពីទង្វើមិនគួរគប្បី និងសារប្លែកៗរបស់លោក Park Won-soon ទៅកាន់រូបនាង៕