(ភ្នំពេញ)៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ គឺជាខួប៧០ឆ្នាំ ដែលឯកអគ្គរដ្ឋទូតដំបូងបង្អស់របស់អាមេរិក គឺលោក Donald R. Heath បានថ្វាយសារតាំងទៅព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ដើម្បីបំពេញការងារនៅកម្ពុជា។ ខួប៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងអាមេរិកនេះ មានព្រឹត្តិការណ៍ជាច្រើនត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរខួបទំនាក់ទំនងនេះ។

រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ក៏បានរៀបចំវេទិកាពិភាក្សា និងពិនិត្យទៅលើលទ្ធផលនៃទំនាក់ទំនងរវាងកម្ពុជា-អាមេរិក ក្នុងរយៈពេល ៧០ឆ្នាំនេះផងដែរ។ ទំនាក់ទំនងកម្ពុជា-អាមេរិក បន្ទាប់ភ្ជាប់ជាផ្លូវការនៅក្នុងឆ្នាំ១៩៥០ ក៏ត្រូវបានកាត់ផ្តាច់ទៅវិញនៅឆ្នាំ១៩៦៣ ហើយក៏បានភ្ជាប់ជាថ្មីនៅឆ្នាំ១៩៦៩ ហើយក៏ត្រូវកាត់ផ្តាច់ជាថ្មីម្តងទៀតនៅឆ្នាំ១៩៧៥។ រហូតដល់ឆ្នាំ១៩៩១ ទើបទំនាក់ទំនងនេះ ត្រូវបានតភ្ជាប់ជាថ្មីរហូតមកដល់ពេលបច្ចុប្បន្ន។

រយៈពេល ៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ត្រូវបានមើលឃើញថា មានភាពល្វីងជូរចត់ច្រើនជាងភាពល្ហែម និងលិចអណ្តែតមិនទៀងទាត់នោះឡើយ។ ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំចុងក្រោយនេះ បើទោះបីថាកម្ពុជា និងអាមេរិក ត្រូវបានវាយតម្លៃថាល្អប្រសើរជាង ៤០ឆ្នាំមុនក្តី តែក៏នៅមានការប៉ះទង្គិច និងមានពាក្យសម្តីធ្ងន់ស្រាលដាក់គ្នាម្តងម្កាលផងដែរ។

ក្នុងវេទិកាវិទ្យាសាស្ត្រជជែក និងពិភាក្សាលើទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកនាព្រឹកមិញនេះ វាគ្មិនជំនាញរួមមានមន្ត្រីការទូតផងនោះ បានជជែកគ្នាច្រើនពីសកម្មភាពទំនាក់ទំនង និងមូលហេតុមួយចំនួន ដែលនាំឱ្យកម្ពុជា និងអាមេរិកមានទំនាក់ទំនងមិនសូវជាល្អនឹងគ្នា។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា ទំនាក់ទំនងមិនល្អប្រសើររវាងកម្ពុជា និងអាមេរិកនេះ បណ្តាលមកពីបញ្ហាចម្បងចំនួន៥រួមមាន៖ គោលនយោបាយខុសគ្នា, ស្រមោលរបស់ចិន, នយោបាយផ្ទៃក្នុង, ទស្សនៈខុសគ្នាលើបញ្ហាលទ្ធិប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិ និងសិទ្ធិមនុស្សជាដើម និងឥរិយាបថរបស់អ្នកការទូតផងដែរ។

បើទោះបីថាក្នុងទំនាក់ទំនងរយៈពេល៧០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកមិនសូវជាល្អប្រសើរ តែក៏មានកត់សម្គាល់ឃើញពីការដើរតួនាទីដ៏សំខាន់មួយរបស់សហរដ្ឋសម្រាប់ការអភិវឌ្ឍនៅកម្ពុជាក្នុងរយៈពេលប្រមាណ៣ទសវត្សរ៍ចុងក្រោយនេះផងដែរ។ ការដើរតួនាទីនោះ មានតាមរយៈការធ្វើពាណិជ្ជកម្ម ដែលទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានដល់ជាង ៣ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ និងជំនួយអភិវឌ្ឍន៍ប្រមាណ៣ពាន់លានដុល្លារក្នុងរយៈពេល៣ទសវត្សរ៍ឆ្នាំក្រោយ។

លោក ហ៉ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្ត្រី បានកត់សម្គាល់ថា សហរដ្ឋអាមេរិក គឺជាដៃគូដ៏សំខាន់មួយរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស ទាំងក្នុងជំនួយអភិវឌ្ឍ ក៏ដូចជាក្នុងនាមជាដៃគូពាណិជ្ជកម្ម ដែលសហរដ្ឋអាម៉េរិកគឺជាទីផ្សារនាំចេញដ៏ធំមួយរបស់កម្ពុជា។

លោកបន្ថែមថា រយៈពេល៧០ឆ្នាំមកមកនេះ កម្ពុជា និងអាមេរិក បានធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម កសិកម្ម បរិស្ថាន ការប្រឆាំងភេរវកម្ម កិច្ចសហប្រតិបត្តិការយោធា ការអប់រំ និងសុខាភិបាលជាដើម។

ក្នុងវេទិកាបែបវិទ្យាសាស្ត្រនាព្រឹកមិញទាំងមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ក៏ដូចជាឯកអគ្គរដ្ឋទូតអាមេរិក សុទ្ធតែបង្ហាញឱ្យឃើញនូវបំណងកសាងនូវទំនាក់ទំនងមួយកាន់តែល្អប្រសើររវាងកម្ពុជា និងអាមេរិក ក្នុងឆ្នាំបន្តបន្ទាប់។

លោក ហ៉ីង ថូរ៉ាក់ស៊ី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ប្រកបដោយភាពកក់ក្ដៅចំពោះកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងភាពស្មើមុខស្មើមាត់គ្នា ជាដៃគូទាំងក្នុងឆាកតំបន់ និងអន្តរជាតិ ឆ្ពោះទៅកាន់ការការរីកចម្រើនជាលំដាប់នូវការកសាងទំនុកចិត្តចំពោះគ្នាទៅវិញទៅមកទាំងរវាងប្រជាជននិងប្រជាជន ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងពីរ។

«ខ្ញុំជឿជាក់ក្នុងរដ្ឋបាលឯកឧត្ដម ដូណាល់ត្រាំ ពិសេសតាមរយៈបេសកកម្មការទូត របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ប៉ាទ្រិក ម៉ហ្វី (W. Patrick Murphy) នឹងពូនជ្រុំទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាម៉េរិកឱ្យកាន់តែប្រសើរឈានឡើងបន្ថែមទៀត ហើយយើងសង្ឃឹមថា អ្នកវិនិយោ និងអ្នកទេសចរសហរដ្ឋអាមេរិកនឹងមកបណ្តាក់ទុនវិនិយោគ និងមកលេងកម្ពុជាកាន់តែច្រើននាពេលអនាគតឆាប់ៗខាងមុខនេះ»។ នេះជាការបញ្ជាក់ថា របស់លោក ហ៉ីង ថូរ៉ាក់ស៊ី។

លោក ផាទ្រី មូហ្វី ក៏បានបង្ហាញទស្សនៈសុទិដ្ឋិនិយមដូចគ្នាថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក នឹងល្អប្រសើរ។ ក្នុងបទសម្ភាសន៍ជាមួយ Fresh News លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ដូច្នេះថា «តាមពិតទៅក្នុងការងារទូតយើងតែងធ្វើការងារដោយសុទិដ្ឋិនិយម ប្រជាជនកម្ពុជា បានឆ្លងកាត់ និងរៀនសូត្រច្រើននូវការលំបាក។ ខ្ញុំជឿថា តាមរយៈភាពជាដៃគូដែលយើងធ្វើការរួមគ្នារវាងសហរដ្ឋអាមេរិក យើងនឹងអាចសម្រេចបាននូវគោលដៅដែលមានសុទិដ្ឋិនិយមជាមួយគ្នាក្នុងការពង្រឹង និងពង្រីកចំណងទាក់ទងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ»

ការបង្ហាញបំណងចង់កសាងទំនាក់ទំនងល្អនឹងគ្នាជារឿងល្អមួយ តែការធ្វើឱ្យសម្រេចនូវបំណងនេះទើបជារឿងលំបាក។ តើមានការងារអ្វីខ្លះដែលត្រូវធ្វើ ហើយបញ្ហាអ្វីដែលត្រូវដោះស្រាយ ដើម្បីសម្រេចបំណងសាងនូវទំនាក់ទំនងមួយល្អ?

គោលការណ៍លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស គឺជាមូលហេតុមួយដែលនាំឱ្យគេមើលឃើញថាធ្វើឱ្យកម្ពុជា និងអាមេរិកល្អក់កករជាមួយគ្នា។ ត្រង់ចំណុចនេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភា ចង់ឱ្យសហរដ្ឋអាមេរិក មានការយោគយល់ចំពោះកម្ពុជា ដោយមិនត្រូវចាប់បង្ខំកម្ពុជាឱ្យអនុវត្តន៍តាមខ្លួននោះឡើយ ព្រោះថាវិថីប្រជាធិបតេយ្យនៅក្មេងខ្ចីនៅឡើយសម្រាប់កម្ពុជា។

លោក សុខ ទូច បានថ្លែងបញ្ជាក់បែបនេះ «ឱ្យរៀនលឿនដូចអាមេរិកបានទេ? មិនបានទេ។ កម្ពុជាទើបនឹងដើរនៅឆ្នាំ១៩៩៣ ហើយកម្ពុជាមិនអាចចម្លង (កុំពី) ប្រជាធិបតេយ្យរបស់អាមេរិកដាក់កម្ពុជាទេ កម្ពុជា គឺមានវប្បធម៌ មានអរិយធម៌ មានទំនៀមទម្លាប់ ដែលមិនដូចអាមេរិក។ ត្រង់ហ្នឹងដែលយើងត្រូវពិចារណា គឺប្រជាធិបតេយ្យបែបកម្ពុជា»

ក្រៅពីការសម្របសម្រួលលើដំណើរការប្រជាធិបតេយ្យនោះ ការបង្កើនការវិនិយោគរបស់អាមេរិកនៅកម្ពុជា ក៏ជាច្រកដ៏សំខាន់មួយ ដែលនាំឱ្យទំនាក់ទំនងរបស់កម្ពុជា និងអាមេរិក មានភាពល្អប្រសើរផងដែរ។ លោក សុខ ទូច បានគូសបញ្ជាក់ថា គ្មានការងារទូតណាមួយមិនរកផលប្រយោជន៍នោះទេ។ លោកបានអះអាងទៀតថា នយោបាយការបរទេស អត់មានផលប្រយោជន៍គេមិនធ្វើនោះឡើយ។

លោក សុខ ទូច បានគូសបញ្ជាក់ដូច្នេះ «ហេតុអ្វីកម្ពុជាស្តាប់ចិន ព្រោះចិនផ្តល់លុយ។ អគាររាប់ជាន់មានអាមេរិកាំងឯណាសង់ ចិនអ្នកសង់។ អ៊ីចឹងដើម្បីកម្ពុជាទៅរកសហរដ្ឋអាមេរិកវិញ សង់អគារដោយសង់ផ្លូវជាតិលេខ៤មក ពេលហ្នឹងប្រហែលកម្ពុជាត្រូវគោរព។ បើសិនអាមេរិកស្រូបយកកម្មករឱ្យបានតែពីរលាននាក់ ខ្ញុំជឿជាក់ថា ប្រហែលកម្ពុជាមានទំនោរច្រើនទៅរកអាមេរិកហើយ»។លោកបណ្ឌិត គិន ភា ក៏បានមើលឃើញដូចនឹងលោក សុខ ទូច ផងដែរ។ លោក គិន ភា បានបញ្ជាក់បែបនេះ «អ្វីដែលមានឥទ្ធិពលខ្លាំងក្នុងទំនាក់ទំនងអន្តររដ្ឋ គឺសេដ្ឋកិច្ចដើរតួនាទីជាអ្នកជំរុញនូវនយោបាយ ជំរុញនូវទំនាក់ទំនង។ ខ្ញុំសូមឱ្យសហរដ្ឋអាមេរិក មេត្តាគិតឱ្យខ្លាំងទៅលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជំរុញការវិនិយោគរបស់ខ្លួនឱ្យបានកាន់តែច្រើន»

លោក គិន ភា បន្តថា «ការបើកបេះដូងក្នុងការវិនិយោគរបស់អាមេរិក មកកាន់កម្ពុជា ដូចអាមេរិកធ្វើចំពោះប្រទេសដទៃ ក៏នឹងនាំឱ្យអាមេរិកមានឥទ្ធិពលខ្លាំងមកលើកម្ពុជាផងដែរ»

លោក Jonathan C. Truly មន្ត្រីផ្នែកនយោបាយ និងសេដ្ឋកិច្ចនៃស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានអះអាងក្នុងវេទិកាព្រឹកមិញថា ការជំរុញអ្នកវិនិយោគអាមេរិកមកកាន់កម្ពុជា គឺជាការងារមួយដែលឯកអគ្គរដ្ឋទូតអាមេរិកប្រឹងប្រែងក្នុងពេលបច្ចុប្បន្ននេះ។ លោករំពឹងថា ទៅថ្ងៃខាងមុខអ្នកវិនិយោគអាមេរិកនឹងមកកាន់កម្ពុជាកាន់តែច្រើន ដូចការចង់បានរបស់កម្ពុជា។

លោក Jonathan បានគូសបញ្ជាក់បែបនេះ «ជាក់ស្តែងឯកអគ្គរដ្ឋទូតរបស់យើងប្រឹងប្រែងខ្លាំងណាស់ក្នុងការទាក់ទាញអ្នកវិនិយោគពីប្រទេសយើងចូលមកកាន់ប្រទេសកម្ពុជា។ ហើយយើងតែងតែជំរុញឱ្យអ្នកវិនិយោគប្រទេសយើងជួបជាមួយអ្នកវិនិយោគកម្ពុជា ដើម្បីធ្វើឱ្យការវិនិយោគកាន់តែប្រសើរឡើង។ មួយវិញទៀត ប្រទេសអាមេរិករបស់យើង ក៏បានជួយប្រទេសកម្ពុជាដោះស្រាយបញ្ហាដូចជាអំពើពុករលួយនៅក្នុងសង្គម យើងជឿជាក់ថានៅពេលយើងអាចលុបបំបាត់អំពើពុករលួយយើងនឹងមានអ្នកវិនិយោគកាន់តែច្រើនចូលមកប្រទេសកម្ពុជា»៕

លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

លោក ផាទ្រីក មូហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា

លោក Jonathan C. Truly មន្ត្រីផ្នែកនយោបាយ និងសេដ្ឋកិច្ចនៃស្ថានទូតអាម៉េរិកប្រចាំកម្ពុជា