(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់​ចរាចរណ៍​មួយ​ផ្សេងទៀតហើយ នៅតាមផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងឃំុក្បាល​ត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយរថយន្តទួរីស​មួយគ្រឿង បានក្រឡាប់ បណ្តាលឲ្យមានអ្នករងរបួសជិត១០នាក់ ។

អធិការនគរបាលស្រុក​ក្រគរ លោក ឯម រុណបានប្រាប់អង្គភាព Fresh News ថា ជនរងគ្រោះទាំងអស់ មិនមានរងរបួសធ្ងន់ធ្ងរនោះឡើយ ពោលក្រោយកើតហេតុ ត្រូវបានបងប្អូនដឹកយកទៅផ្ទះបាត់អស់ហើយ។

លោកបានបន្តថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកទួរីស ធ្វើដំណើរពីលិចទៅកើត ខណៈមកដល់កន្លែងកើតហេតុ ស្រាប់តែបែកកង់បណ្តាលឲ្យក្រឡាប់តែម្តង។

បើតាមអធិការ នៅរសៀលថ្ងៃដដែលនេះ ថ្នាក់ដឹកនាំស្រុក បាននិមន្តព្រះសង្ឃ មកសូត្រធម៌ និងប្រោះព្រុំ សុំសេចក្តីសុខ សេចក្តីចំរើនតាមដងផ្លូវមួយនេះ ដែលពិធីនេះបានធ្វើឡើង​ក្រោយពេលមាន​រថយន្តក្រឡាប់នេះ។

គួររំឮកផងដែរថា នៅឃុំក្បាលត្រាចដដែលនេះ នៅប៉ុន្មានថ្ងៃមុននេះ មានករណីរថយន្តក្រុងក្រុមហ៊ុន រស្មីភ្នំពេញ បើកបុករថយន្តដឹកអង្ករ បណ្តាលឲ្យមានមនុស្ស​ស្លាប់៥នាក់ និងរបួស១៩នាក់ ៕