(កោះកុង)៖ សុវណ្ណាបៃតង ជាឈ្មោះភូមិមួយស្ថិតនៅឃុំកណ្តោល ស្រុកបទុមសាគរ ខេត្តកោះកុង ដែលមានប្រជជនជាង២០០គ្រួសារ ដែលធ្លាប់រស់នៅតាមតំបន់អភិរក្សសត្វព្រៃ, តំបន់អភិរក្សធនធានធម្មជាតិដូចជា៖ តំបន់ព្រៃភ្នំ រស់តាមដងព្រែក ស្ទឹងព្រាត់ឬក៏រស់នៅ តាមជ្រលងព្រែកជីផាត ក្នុងទឹកដីខេត្តកោះកុង ដោយប្រកាន់នូវមុខរបរកាប់ព្រៃឈើ បរបាញ់សត្វព្រៃ និងមានជីវភាពលំបាក តែបច្ចុប្បន្ននេះ បានមករស់នៅតំបន់អភិវឌ្ឍន៍ថ្មី ធ្វើឱ្យជោគជ័យទាំងមុខរបរ និងជីវិតរស់នៅក្រោមការគាំទ្រ ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ មន្រ្តីពាក់ព័ន្ធ។

លោក នេត្រ ភក្រា្ត រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ដែលបានដឹកនាំប្រតិភូបំពេញទស្សនកិច្ចខេត្តកោះកុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ ២០២០ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលបានផ្លាស់មកតាំងលំនៅក្នុងភូមិសុវណ្ណានេះ គឺធ្វើឡើងចាប់តាំងតែឆ្នាំ២០០៤ រហូតមកដល់ឆ្នាំ២០២០នេះ មានចំនួនជាង២០០គ្រួសារហើយ។ ជាមួយនឹងការមកតាំងលំនៅឋានថ្មីនេះដែរ ធ្វើឡើងបន្ទាប់ពីមានការគាំទ្រ ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ មន្រ្តីពាក់ព័ន្ធ ក្នុងទិសដៅដ៏សំខាន់មួយ ដើម្បីឱ្យពួកគាត់កាត់ផ្តាច់ពីការប្រកបរបរប្រពៃណី បុរាណដោយចូលព្រៃកាប់ឈើ បរបាញ់សត្វ និងការប្រមូលនូវអនុផលព្រៃឈើ ដោយក្នុងនេះគេបានស្នើសុំឱ្យពួកគាត់ស្ម័គ្រចិត្ត មករស់នៅតំបន់កន្លែងថ្មីនេះវិញ ក៏ដូចជាជំនួសការប្រកបរបរថ្មីសម្រាប់ចិញ្ចឹមជីវិត។

លោក នេត្រ ភក្ត្រា បានបន្តថា ក្នុងការមករស់នៅតំបន់ថ្មីនេះ គឺបានធ្វើការរៀបចំគម្រោងបែបថ្មី ដោយធ្វើការចែកដីម្នាក់មួយគ្រួសារ ដែលមានក្បាលដីទំហំដី ២៥ម៉ែត្រ និងបណ្តោយ៦០០ម៉ែត្រ ក្នុងនេះគេធ្វើការបែងចែកដីភូមិ ដីចំការ សម្រាប់ដាំដំណាំហូបផ្លែផ្សេងៗ ដែលអាចផ្គត់ផ្គង់គ្រួសារ និងផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ និងខេត្តដទៃទៀតជាដើម។

តាមរយៈការផ្លាស់ប្តូរទីតាំងរស់នៅនេះត្រូវបាន លោក នេត្រ ភក្ត្រា បញ្ជាក់ ថាជាការផ្លាស់ប្តូរដល់មុខរបរ របស់ពួកគាត់បែបថ្មីដោយបញ្ឈប់ការធ្លាប់ តែកាប់ព្រៃឈើ បរបាញ់សត្វ ជំនួសមកវិញការដាំដំណាំកសិកម្មបែបថ្មីទំនើប ដែលអាចទ្រទ្រង់ ជីវភាពល្អប្រសើរជាងមុន។ គម្រោងបានផ្ដោតជាសំខាន់ ទៅការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋចំនួន ២២០គ្រួសារដែលពីមុនមកធ្លាប់ បានបំផ្លិចបំផ្លាញព្រៃឈើ ដោយការកាប់ព្រៃធ្វើចំការពនេចរ និងបរបាញ់សត្វព្រៃ។

លោកបានបញ្ជាក់ជុំវិញបញ្ហានេះថា «ការដែលឱ្យពួកគាត់មករស់នៅកន្លែងថ្មីនេះ គឺបានធ្វើឱ្យពួកគាត់មានលំនឹង ក្នុងជីវិតច្បាស់លាស់ក្នុងនេះដូចជាទី១៖ ឱ្យពួកគាត់មានកម្មសិទ្ធិដីធ្លី, ទី២៖ គឺមានមុខរបរ, ទី៣៖ គឺមានចំណូល ហើយទី៤៖ គឺឱ្យមានសុវត្ថិភាព ក្នុងការរស់នៅរបស់ពួកគាត់។ មិនត្រឹមតែបងប្អូនដែលស្ម័គ្រចិត្ត មករស់នៅទីនេះទេ សូម្បីតែបងប្អូនដែលរស់នៅតំបន់អភិរក្សទាំងនោះ នាពេលបច្ចុប្បន្នយើង ក៏បានជំរុញឱ្យពួកគាត់រួមគ្នាការពារ និងអភិរក្សតំបន់ទាំងនេះ ដើម្បីប្រែក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ ដែលជាប្រភពចំណូលប្រចាំថ្ងៃ របស់ពួកគាត់ដូចគ្នា»

ទាក់ទិនទៅនឹងការមករស់នៅតំបន់កន្លែងថ្មី របស់ប្រជាពលរដ្ឋនេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបានឱ្យដឹងថា បានធ្វើឱ្យតំបន់កន្លែងចាស់គាត់ធ្លាប់រស់នៅ ប្រែក្លាយជាកន្លែងសត្វរស់នៅតំបន់អភិរក្សធនធានធម្មជាតិ ដែលធ្វើឱ្យក្លាយជាតំបន់អេកូរទេសចរណ៍ ទាក់ទាញឱ្យភ្ញៀវទេសចរ ចូលទៅកម្សាន្តតរៀងរាល់ថ្ងៃ រហូតមកដល់ពេលបច្ចុប្បន្ន។

លោកបានបញ្ជាក់ជុំវិញបញ្ហានេះថា «សហគមន៍ទាំងអស់នេះទី១៖ យើងចាំបាច់ត្រូវពង្រឹងតួនាទីរបស់គាត់ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ពីព្រោះ ធនធានធម្មជាតិដែលនៅក្នុងតំបន់របស់ខ្លួន គឺជាទ្រព្យសម្បតិ្តរបស់ពួកគាត់ ទី២៖ យើតកាត់ផ្តាច់ពីមុខរបរ កាលពីមុនរបស់គាត់ដែលពឹងផ្អែក លើធនធានធម្មជាតិមកជាការបង្កើតចំណួលថ្មី។ ដូចជាករណីប្រជាសហគមន៍ នៅក្នុងភូមិសុវណ្ណានេះ យើងឃើញថាជីវភាពរបស់គាត់ មានការរីកចម្រើនដូច្នេះវាជាគំរូមួយសម្រាប់ ការអភិវឌ្ឍន៍ដល់សហគមន៍ផ្សេងទៀត»

ដោយមានជំនួយបច្ចេកទេស ពីអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ ប្រជាពលរដ្ឋក្នុងភូមិនេះ បានទទួលចំណេះផ្នែកគ្រប់គ្រងប្រាក់កាក់ ជំនាញកសិកម្មបែបទំនើប ក៏ដូចជាបានបង្កើត និងគ្រប់គ្រងសមាមគមន៍កសិកម្មសហគមន៍ និងឃ្លាំងលក់សម្ភារកសិកម្ម ដែលគ្រប់គ្រងមើលពីលើផលិតកម្មកសិកម្ម ផ្សព្វផ្សាយលក់ផលិតផលនៅទីផ្សារ ការថែទាំសុខភាពការអប់រំ ការអភិរក្សធនធានធម្មជាតិ និងប្រព័ន្ធឥណទានខ្នាតតូច។

បើតាមលោក អាន ណុច ជាប្រធានសហគមន៍អភិវឌ្ឍន៍ កសិកម្មភូមិសុវណ្ណាបៃតងបានឱ្យដឹងថា ក្រោមការជួយជ្រោមជ្រែងនៃគម្រោង របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលមានរយៈពេលពីឆ្នាំ២០០៤ រហូតមកដល់ពេលនេះ មានរយៈពេលជាង១៦ឆ្នាំហើយឃើញថា ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នេះ មានការសប្បាយចិត្តដោយសារគាត់ មានលំនៅដ្ឋានជាកម្មសិទ្ធ គាត់មានចំណេះដឹងជាមូលដ្ឋាន នៃបច្ចេកទេសកសិកម្ម ដែលគាត់អាចដាំដុះដំណាំកសិកម្ម ជាយុទ្ធសាស្រ្តនេះ ទទួលបានផ្លែផ្កាយ៉ាងល្អដែលធ្វើឱ្យពួកគាត់ អាចទ្រទ្រង់ជីវភាពរស់នៅ កាន់តែល្អប្រសើរបន្តបន្ទាប់។ បើក្រឡេកមើលជីវភាពរបស់ពួកគាត់ដែរឃើញថា ល្អប្រសើរជាងរស់នៅតាមតំបន់ ដែលពួកគាត់ រស់នៅកាលពីមុនមក។ ពួកគាត់អាចដាំដំណាំគ្រប់មុខប្រកប ដោយមានមូលដ្ឋានចំណេះដឹងច្បាស់លាស់ និងមានការបង្រៀនត្រឹមត្រូវ។

លោកបានបន្តថា ពួកគាត់មករស់នៅកន្លែងថ្មីនេះមានហេដ្ឋារចនា សម្ព័ន្ធគ្រប់គ្រាន់ក្នុងនេះដូចជាមានសាលារៀន មន្ទីរពេទ្យ និងទីផ្សារនៅក្បែរខ្លួន។ ក្រៅពីនេះកូនៗរបស់ពួកគាត់ខ្លះអាចរៀន ដល់សាកលវិទ្យាល័យ និងអាចមានការងារធ្វើមិនចាញ់កូនៗ អ្នករស់នៅទីប្រជុំជនឡើយ។

លោក អាន ណុច បានឱ្យដឹងបន្ថែមថា ដើម្បីឱ្យសហគមន៍មាននិរន្តភាពយូរអង្វែង សហគមន៍បានបង្កើតចំការរួមធំមួយ ដែលមានផ្ទៃដី ២០ហិកតា ហើយបាន ដំាដំណាំហូបផ្លែមានចំនួន៣មុខ រួមមានធុរេនចំនួន ១,៦៨៧ដើម, សាម៉ាវ ៣៥០ដើម និងតាង៉ែន១,៤៩២ដើម។ ចំពោះទិន្នផលដែលបានពីចម្ការរូមនេះ គេនឹងយកមដោះស្រាយចំពោះហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសហគមន៍ទាំងមូលដូចជា៖ ជួសជុលផ្លូវជួសជុលម៉ាស៊ីនបូមទឹកជាដើម ជាមួយគ្នានៅថ្ងៃខាងមុខគេនឹងមានគម្រោងជួយដល់ចាស់ជរា និងកុមារកំពា្រ ដែលគ្មានទីពឹងពាក់ទៀតផង។

ដោយឡែកលោកយាយ កន សិន អាយុ៧០ឆ្នាំ បានឱ្យដឹងថា កាលពីមុនក្រុមគ្រួសាររបស់គាត់រស់នៅក្នុងព្រៃធម្មជាតិ ដោយប្រកបមុខរបរកាប់ព្រៃឈើតូចៗ នេសាទត្រី ធ្វើចំការបែបពនេចរ និងនាំអ្នកកាប់ឈើធំៗ ដើម្បីទទួលបានកម្រៃខ្លះចិញ្ចឹមកូនហើយ មានជីវភាពលំបាកខ្លាំងណាស់។ ក៏ប៉ុន្តែ បន្ទាប់ពីមន្ត្រីក្រសួងបរិស្ថាន ជួបពួកគាត់នៅក្នុងព្រៃ ក៏យកក្រុមគ្រួសារគាត់ និងអ្នកផ្សេងទៀតមករស់នៅក្នុងភូមិសុវណ្ណាបៃតងនេះ ក្រោមការជួយជ្រៀមជ្រែងឧបត្ថម្ភស្បៀងអាហារ ថ្នាំសង្កូវ ពីសំណាក់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ។

លោកយាយបានឱ្យដឹងថា ក្រោយមករស់នៅក្នុងភូមិសុវណ្ណាបៃតងនេះ ក្រុមគ្រួសារគាត់ទទួលបានដីដែលជាកម្មសិទ្ធិស្របច្បាប់ ព្រមទាំងធ្វើឱ្យជីវភាពរបស់ពួកគាត់មានការកែប្រែជាថ្មី រស់នៅដោយភាពកក់ក្តៅ។

លោក គង់ ប៊ុនឈាន ដែលមានវ័យ៦២ឆ្នាំ ជាអ្នកចំណាកស្រុកដែលធ្លាប់រស់នៅតំបន់ធនធានធម្មជាតិមួយរូប បានលើកឡើងថាក្រុមគ្រួសារគាត់ពិតជាទទួលបានមុខរបរថ្មីដែលកាលពីមុនធ្លាប់តែកាប់ឈើ បរបាញ់សត្វ ជំនួសមមកធ្វើដំណាំ កសិកម្មវិញ ពេលនេះគាត់មិនចាំបាច់ប្រថុយប្រថានចូលព្រៃកាប់ឈើ ចាប់សត្វ ព្រៃដែលជាប្រការមួយប្រឈមជាមួយផ្លូវច្បាប់ទៀតឡើយ។

លោកបានបញ្ជាក់ថា «ពេលនេះអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមន្រ្តីពាក់ព័ន្ធ បានណែនាំឱ្យស្ម័គ្រចិត្តមករស់នៅតំបន់អភិវឌ្ឍន៍ភូមិសុវណ្ណាបៃតងនេះ ឃើញថាល្អប្រសើរណាស់។ គ្រួសារខ្ញុំដាំដំណាំកសិកម្ម គ្រប់មុខធ្វើឱ្យអាចរកចំណូល បានយ៉ាងធូរ និងកូនចៅអាចចូលរៀនគ្រប់គ្នាផង»

គួរបញ្ជាក់ថាបើតាមលោក អេដាដ លេហ្ទឺរ មន្ត្រីគ្រប់គ្រងផ្នែកច្បាប់នៃ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបង្ហាញជំហរជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងបរិស្ថានក្នុងកិច្ចគាំពារធនធានធម្មជាតិ ក្នុងប្រទេសកម្ពុជាកុំឱ្យមានការបាត់បង់បន្តទៀត។

មន្ត្រីគ្រប់គ្រងផ្នែកច្បាប់នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ជាក់ថា អង្គការរបស់លោកបាន និងកំពុងធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០០១មក ដោយបានផ្ដល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងតំបន់ការពារធម្មជាតិ កែលម្អ ជីវភាពរស់នៅដែលអាស្រ័យលើព្រៃឈើ សង្គ្រោះសត្វ ព្រៃពីព្រាន និងពីការជួញដូរ និងការពារតំបន់ជួរភ្នំក្រវាញ ដែលជាព្រៃឈើទីជម្រាលប្រភពទឹកប្រភពជីវចម្រុះ និងជាទ្រព្យធនសេដ្ឋកិច្ចធំជាងគេរបស់ប្រទេសកម្ពុជា៕