(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហ៉ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាបានតាំងចិត្តរបស់ខ្លួនប្រកៀកស្មានឹងសហរដ្ឋអាមេរិក ដោយផ្ដោតលើគោលការណ៍គោរព និងយោគយល់គ្នាទៅវិញទៅមក ហើយកម្ពុជាឈរជើងត្រៀមលក្ខណៈរួចជាស្រេច ក្នុងការធ្វើឱ្យរស់រវើកឡើងវិញ។

ការលើកឡើងបែបនេះរបស់ លោកបណ្ឌិតសភាចារ្យ ហ៉ីង ថូរ៉ាក់ស៊ី បានធ្វើឡើងក្នុងពិធីបើកវេទិកាវិទ្យាសាស្ត្រ ស្តីពី«ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក៖ ការពិនិត្យមើលអតីតកាល រយៈពេល៧០ឆ្នាំកន្លងមក ក្ដីរំពឹងទុកសម្រាប់៧០ឆ្នាំបន្ទាប់ និងលើសពីនេះ» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយស្ថានទូតអាមេរិក នៅអគាររាជបណ្ឌិត្យសភា នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ។

លោកបណ្ឌិត បានលើកឡើងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានប្រកាន់ខ្ជាប់នូវនយោបាយផ្កាចម្រុះពណ៌ អព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ និងរក្សាទំនាក់ទំនងល្អក្នុងលក្ខណៈសន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេសជាមិត្តទាំងឡាយលើសាកលលោក។ រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ប្រកបដោយភាពកក់ក្ដៅចំពោះកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងភាពស្មើមុខស្មើមាត់គ្នា ជាដៃគូទាំងក្នុងឆាកតំបន់ និងអន្តរជាតិ ឆ្ពោះទៅកាន់ការការរីកចម្រើនជាលំដាប់នូវការកសាងទំនុកចិត្តចំពោះគ្នាទៅវិញទៅមកទាំងរវាងប្រជាជន និងប្រជាជន ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងពីរ»

លោកគូសបញ្ជាក់ថា៖ «ជាងនេះទៅទៀត, កម្ពុជាបានតាំងចិត្តរបស់ខ្លួនក្នុងការធ្វើការប្រកៀកស្មានឹងសហរដ្ឋអាមេរិក ផ្ដោតលើគោលការណ៍គោរព និងយោគយល់គ្នាទៅវិញទៅមក ហើយយើងឈរជើងត្រៀមលក្ខណៈរួចជាស្រេច ក្នុងការធ្វើឱ្យរស់រវើកឡើងវិញ»

លោកបណ្ឌិតសភាចារ្យ ហ៉ីង ថូរ៉ាក់ស៊ី បានបន្តថា សហរដ្ឋអាមេរិក គឺជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេស ទាំងក្នុងជំនួយអភិវឌ្ឍ ក៏ដូចជាក្នុងនាមជាដៃគូពាណិជ្ជកម្ម ដែលសហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំមួយរបស់កម្ពុជា។ រយៈពេល ៧០ឆ្នាំមកមកនេះ កម្ពុជានិងសហរដ្ឋអាមេរិក បានធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនដូចជា៖ ពាណិជ្ជកម្ម កសិកម្ម បរិស្ថាន ការប្រឆាំងភេរវកម្ម កិច្ចសហប្រតិបត្តិការយោធា ការអប់រំ និងសុខាភិបាល ជាដើម។ បើយើងធៀបទៅនឹងអាយុរបស់មនុស្សឃើញថា វ័យ៧០ឆ្នាំនេះ ហាក់បង្ហាញនូវភាពចាស់ទុំនៃទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក។

រដ្ឋលេខាធិការប្រចាំការ នៃទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ បានឱ្យដឹងថា ទំនាក់ទំនងនេះ គឺមានភាពស្រដៀងគ្នាទៅនឹងទំនាក់ទំនងប្រភេទផ្សេងដែរ ដែលសូមគូសបញ្ជាក់ មិនថាតែរវាងមិត្តភ័ក្ដិ រវាងក្រុមគ្រួសារ សាច់ញាតិ និងរវាងគូស្នេហ៍នោះទេ វាតែងតែមានលាយឡំគ្នានូវការឡើងនិងការធ្លាក់ចុះ។ វាមិនអាចចៀសបាននោះទេ។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិតសភាចារ្យ ក៏បានរំឮកសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនដល់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសម្ដេចបានគូសបញ្ជាក់អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរថា «... យើងមិនត្រូវឱ្យខ្លួនយើងក្លាយទៅជាចំណាប់ខ្មាំងនៃទំព័រខ្មៅងងឹតខ្លះនៃប្រវត្តិសាស្ត្ររបស់យើងនោះទេ ហើយមានដំណាក់កាលដ៏ស្រស់បំព្រងជាច្រើនផ្សេងទៀត ដែលមានសារៈប្រយោជន៍ ក្នុងការពូនជ្រុំសម្រាប់ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសនិងប្រជាជនយើងទាំងពីរ កាន់តែមានការរីកលូតលាស់ថែមទៀត»

បន្ថែមពីនេះលោកបណ្ឌិតសភាចារ្យ ហ៉ីង ថូរ៉ាក់ស៊ី បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា រដ្ឋបាលរបស់លោក ដូណាល់ត្រាំ ជាពិសេសតាមរយៈបេសកកម្មការទូតរបស់ លោកឯកអគ្គរដ្ឋទូត ប៉ាទ្រិក ម៉ហ្វី (W. Patrick Murphy) នឹងពូនជ្រុំទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យកាន់តែប្រសើរឈានឡើងបន្ថែមទៀត ហើយសង្ឃឹមថា អ្នកវិនិយោគិន និងអ្នកទេសចរណ៍សហរដ្ឋអាមេរិកនឹងមកបណ្តាក់ទុនវិនិយោគ និងមកលេងកម្ពុជាកាន់តែច្រើននាពេលអនាគតឆាប់ៗខាងមុខនេះ៕